(ភ្នំពេញ)៖ ប្រតិភូកីឡាការ៉ាតេកម្ពុជា បានធ្វើដំណើរទៅប្រទេសចិនហើយ នៅថ្ងៃទី១៦ ខែកញ្ញានេះ ដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី២០ ឆ្នាំ២០២៤ (20th Asian Senior Karate Championship 2024) ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញាខាងមុខ នៅទីក្រុង Hangzhou ។
មុនចាកចេញពីមាតុភូមិ កីឡាករ ហូ ហេង បានចាត់ទុកបេសកកម្មនេះ គឺជាឱកាសវាស់ស្ទង់សមត្ថភាពដ៏សំខាន់មួយ ក្រោយបញ្ចប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។ លើសពីនេះ គេបានប្ដេជ្ញានឹងធ្វើបានល្អជាងពីឆ្នាំមុន ។
ហូ ហេង បានគូសបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏ធំ និងប្រជុំដោយកីឡាករជើងខ្លាំងក្នុងទ្វីប ដូច្នេះគឺជាឱកាសសម្រាប់អត្តពលិកកម្ពុជា ធ្វើការវាស់ស្ទង់កម្រិតសមត្ថភាព បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក នឹងមានការបានប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិ ឬយ៉ាងហោចធ្វើឲ្យបានលើសពីវគ្គ ៤ក្រុមចុងក្រោយ ដែលក្រុមខ្លួនធ្លាប់ធ្វើបានកាលពីឆ្នាំមុន ។
គួរដឹងថា បេសកកម្មចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី២០ ខាងលើ ដឹកនាំដោយលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ ព្រមទាំងអាជ្ញាកណ្ដាលអន្ដរជាតិ និងគ្រូបង្វឹក-គ្រូជំនួយ រីឯកីឡាករ-កីឡាការិនីមានចំនួនសរុប ១២នាក់។
លោក ណុប វណ្ណថារ៉ូ លើកឡើងថា ការចូលរួមនេះគឺជាឱកាសវាស់ស្ទង់ និងដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ត្រៀមលក្ខណៈការប្រកួតព្រឹត្តិការណ៍ធំៗចំនួន ២ គឺស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ៕