(បរទេស)៖ ប្រភពថ្មីមួយបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានប្រកាសដំឡើងថ្លៃថ្ម iPhone របស់ខ្លួនសម្រាប់អតិថិជនទាំងអស់ដែលផុតការធានាពី AppleCare រហូតដល់ ១១៩ដុល្លារ ខណៈការកើនឡើងនេះប៉ះពាល់ជាពិសេសដល់ iPhone 16 Pro និង iPhone 16 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈរបាយការណ៍ចេញផ្សាយបានបង្ហាញថា តម្លៃថ្មីនេះ គឺកើនឡើងប្រហែល ២០ដុល្លារពី iPhone 15 Pro/ Pro Max ដែលពីមុនដាក់លក់ខ្ទង់ ៩៩ដុល្លារ។ ដោយឡែកសម្រាប់ iPhone 16 និង iPhone 16 Plus គឺពុំមានការប្រែប្រួលតម្លៃនោះទេ ពោលគឺនៅរក្សាតម្លៃដើម ៩៩ដុល្លារដដែល។
នេះមិនមែនជាលើកទី១ នោះទេដែល Apple ដំឡើងថ្លៃថ្ម iPhone សម្រាប់ជំនួសខាងក្រៅរបស់ខ្លួន កាលពីជំនាន់ iPhone 14 កន្លងទៅក៏មានការបែ្រប្រួលតម្លៃខ្ទង់ ២០ដុល្លារផងដែរពីតម្លៃដើម ៦៩ដុល្លារ និងកើនដល់ ៩៩ដុល្លានាពេលបច្ចុប្បន្ននេះ។ អ្នកគាំទ្រផលិតផលពីក្រុមហ៊ុន Apple ប្រាកដជាជ្រាបច្បាស់ហើយ សម្រាប់ម៉ូដែល iPhone ថ្មីៗជារៀងរាល់ឆ្នាំនឹងចេញមកជាមួយនឹងការធានាពី AppleCare យ៉ាងហោចមួយឆ្នាំតែប៉ុណ្ណោះ ដោយឡែកសម្រាប់អតិថិជនដែលចង់រក្សាអាយុកាលថ្មបានយូរគឺ Apple មានកញ្ចប់សេវាកម្ម AppleCare+ មួយបន្ថែមទៀតដែលធានារ៉ាប់រងថ្ម និងថ្លៃជួសជុលរហូតដល់ ៣ឆ្នាំ ឬយូរជាងនេះ។
គួរជម្រាបថា ការកើនឡើងថ្លៃនេះត្រូវបានគេរំពឹងថា ទំនងមកពីការចំណាយខ្ពស់លើសំបកឌីហ្សាញថ្មខាងក្រៅ ដែលបំពាក់ដោយសំបកដែកដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការសាយភាយកំដៅ ព្រមទាំងគិតទៅលើថ្លៃកម្លាំងពលកម្មរបស់ក្រុមហ៊ុន Apple បន្ថែមទៀត។ លើសពីនេះ ការផ្លាស់ប្តូរទាំងនេះ ស្របតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបនាពេលខាងមុខ ដែលតម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនធ្វើឱ្យថ្មងាយស្រួលក្នុងការផ្លាស់ប្តូរ និងជំនួសនៅឆ្នាំ ២០២៥ ខាងមុខ៕