(ភ្នំពេញ)៖ ជំនួបដ៏ជក់ចិត្ត នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ Cambodia Premier League 2024-25 បានឈានចូលសប្តាហ៍ទី៥ នោះគឺជំនួបដ៏កក្រើករវាងព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ ណាហ្គាវើលដ៍ ដែលជាក្រុមមិនទាន់ស្គាល់ចាញ់ក្នុងរដូវកាលនេះ នឹងធ្វើឡើងនៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះ នៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តស្វាយរៀង នាវេលាម៉ោង ៦៖០០នាទីល្ងាច។
រំលឹកផងថា កាលសប្តាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង លេងចាញ់វិសាខា ក្នុងលទ្ធផល ១-០ ដែលធ្វើបាននៅនាទីចុងម៉ោង៩០+៣ ដោយកីឡាករ កាន់ ម៉ូ ខណៈក្រុមស្វាយរៀង ពីការឆ្លងកាត់ ៤ប្រកួតមកនេះ លេងឈ្នះ៣ និងចាញ់១ ធ្លាក់មកឈរនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់វិញ ។
ចំណែកក្រុមណាហ្គា នៅសប្តាហ៍ទី៤ បានយកឈ្នះក្រុមបឹងកេត ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា កន្លងទៅ។ ក្នុងនោះ ការឆ្លងកាត់ ៣ប្រកួត ឈ្នះ១ នឹងចាញ់២ របស់ក្រុមបឹងកេត បានធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ៧ មានត្រឹម ៣ពិន្ទុ។
ខាងក្រោមនេះជាជំនួបការប្រកួតរបស់ក្រុមទាំង១០ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ប្រចាំសប្តាហ៍ទី៥ ជុំទី១ ការប្រកួតនិងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី១៨ នឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖
ការប្រកួតនៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖
១៖ សមាគមនកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ Vs វិសាខា
២៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គាវើលដ៍
៣៖ បឹងកេត Vs ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ ។
សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកញ្ញានេះ រួមមាន៖
១៖ គីរីវង់សុខសែនជ័យ Vs អង្គរថាយហ្គឺរ។
២៖ ISI ដង្កោសែនជ័យ Vs កងយោធពលខេមរភូមិន្ទ ។
សូមជម្រាបផងថា ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ កំពុងតែបង្ហាញនូវភាពខ្លាំងក្លារបស់ពួកគេនៅការចាប់ផ្តើមរដូវកាលថ្មីនេះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ពី ៣ប្រកួត នឹង ៤ប្រកួតរបស់ក្រុមទាំង ៣នេះ, ខណៈភ្នំពេញក្រោម កំពុងឈរកំពូលតារាង ក្រោយបំបាក់ក្រុមគិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃ ៦-០ រកបាន ១២ពិន្ទុបណ្តោះអាសន្ន ៕