(ភ្នំពេញ)៖ សាលាអន្តរជាតិមែនន័រ (Manner International School) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស បុគ្គលិកឆ្នើម បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។
ពិធីនេះ បានរៀបចំឡើង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បណ្តាដៃគូ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងអាណាព្យាបាលយ៉ាងច្រើនកុះករ។ ក្រៅពីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស បុគ្គលិកឆ្នើម សាលាអន្តរជាតិមែនន័រក៏បានប្រកាសនូវការដាក់បញ្ចូលកម្មវិធីសហគ្រិនភាពសម្រាប់កុមារ (KidsMBA) ជាផ្លូវការ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណពី ABE Global ផងដែរ។
លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការអបអរសាទរចំពោះ សិស្សជយលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង ទទួលបានលទ្ធផលខ្ពស់ ដែលសបញ្ជាក់ថា សាលាអន្តរជាតិមែនន័រ គឺជាសាលាមួយដែលជាទីទុកចិត្តរបស់អាណាព្យាបាលសិស្ស ។ ហើយនេះគឺជាខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំសាលាអន្តរជាតិមែនន័រ និងលោកគ្រូ អ្នកគ្រូ ជាមួយនឹងអាណាព្យាបាលសិស្ស ទើបធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ។
លោកបន្ថែមថា «អ្វីដែលយើងគួរតែចងចាំថា អង្គភាពមួយក៏ដោយ សាលារៀនមួយក៏ដោយ ឬបុគ្គលម្នាក់ក៏ដោយ បើសិនជាធ្វើអ្វីគ្មានការចូលរួមនោះទេ គឺយើងមិនអាចទទួលបានលទ្ធផលនោះទេ។ ហើយបើលទ្ធផលមិនល្អភាពបរាជ័យនឹងកើតមាន ប៉ុន្តែនៅទីនេះ គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំពីបណ្តាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូច្នេះក្នុងនាមក្រសួងអប់រំ ខ្ញុំសុំគាំទ្រនូវអ្វីដែលជាការលើកទឹកចិត្ត បន្តការបណ្តុះបណ្តាលកូនៗរបស់យើងឱ្យមានភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំតទៅទៀត»។
លោក រឿន ចន្ថា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រ បានឱ្យដឹងថា ភាពជោគជ័យរបស់សាលាអន្តរជាតិមែនន័រ ក្នុងការបណ្តុះបណ្តាលសិស្ស គឺសាលាមានចក្ខវិស័យច្បាស់លាស់ និងផ្តោតទៅលើការបង្រៀន៣ភាសាក្នុងពេលតែមួយ។ លើសពីនេះទៀត សាលាមានកម្មវិធីសិក្សាពិសេសៗមួយចំនួន បន្ថែមពីលើកម្មវិធីសិក្សាចំណេះដឹងទូទៅ ដូចជាកម្មវិធីបណ្តុះអត្តចរិក និងភាពជាពលរដ្ឋល្អដល់សិស្ស ដែលកម្មវិធីសិក្សារបស់សិង្ហបុរី បង្រៀនដោយផ្តោតលើទាំងចំណេះដឹង ឥរិយាបថ និងសុខុមាលភាព និងជាកម្មវិធីដ៏កម្រមួយនៅកម្ពុជា។ លើសពីនេះ សាលាក៏មានកម្មវិធីសិក្សាបំនិនសតវត្សទី២១ និងកម្មវិធីសិក្សាអន្តរជាតិមួយចំនួនបន្ថែមទៀត ដូចជាកម្មសិក្សាភាសាចិន HSK កម្មវិធីខេមប្រ៊ីជ និងកម្មវិធី សហគ្រិនភាពសម្រាប់កុមារ Kids MBA ដើម្បីធ្វើយ៉ាងណាបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ។
លោកបន្ថែមថា សាលាអន្តរជាតិមែនន័រ នឹងបន្តពង្រីកការសហការ ជាមួយដៃគូរអន្តរជាតិ ដើម្បីជំរុញឱ្យសិស្សានុសិស្សមានលទ្ធភាពទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសសម្រាប់ថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន។
លោកបានឱ្យដឹងផងដែថា បន្ទាប់ពីទទួលបានការគាំទ្រពីអាណាព្យាបាលសិស្ស នាពេលខាងមុខ សាលាបានដាក់គោលដៅពង្រីកសាលាមួយទៀត ដែលនឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខនេះ និងពង្រីកសាខាទី៣ នៅឆ្នាំក្រោយនេះផងដែរ។
លោកស្រី ព្រាប ផារី ដែលបានបញ្ចូនកូនចំនួន៣នាក់មកសិក្សានៅសាលានេះ បានឱ្យដឹងថា អ្វីដែលជំរុញឱ្យលោកស្រី បញ្ចូនកូនៗមកសិក្សានៅសាលាអន្តរជាតិមែនន័រ ដោយសារលោកស្រីមើលពីចក្ខុវិស័យវែងឆ្ងាយរបស់សាលា និងការខិតខំស្វែងរកនូវកម្មវិធីសិក្សាថ្មីៗសម្រាប់សិស្សានុសិស្ស ដែលធ្វើឱ្យក្មេងៗមានបំនិនជីវិតច្រើន និងរៀនពូកែ។
ទន្ទឹមគ្នា លោកស្រី សេង សុនីតា ដែលជាអាណាព្យាបាលសិស្សម្នាក់ទៀត បានកត់សម្គាល់ថា បន្ទាប់ពីលោកស្រីបានបញ្ជូនកូនមកសិក្សានៅសាលាអន្តរជាតិមែនន័រ លទ្ធផលសិក្សារបស់កូនល្អ លើសពីការរំពឹងទុក និងបានបណ្តុះនូវភាពក្លាហានដល់កូន។ ជាពិសេស សាលានេះ មានកម្មវិធីសិក្សា៣ភាសាក្នុងពេលតែមួយ ដែលធ្វើសិស្សចេះម្តង៣ភាសា គឺខ្មែរ អង់គ្លេស និងចិន និងធ្វើឱ្យឪពុកម្តាយចំណេញទាំងពេលវេលា និងថវិកា។
ចំណែក អាណាព្យាបាលសិស្សម្នាក់ទៀត គឺ លោកស្រី អ៊ាង សុភ័ក្ត ដែលមានកូនកំពុងសិក្សានៅថ្នាក់ទី១ បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការសិក្សារបស់កូន ឃើញថាកូនលោកស្រីមានភាពរីកចម្រើនទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ក្រៅពីកម្មវិធីសិក្សាទាំង៣ភាសានេះ សាលាអន្តរជាតិមែនន័រក៏មានកម្មវិធីសិក្សាផ្សេងទៀត ដូចជាការបណ្តុះឥរិយាបថល្អ កម្មវិធីសិក្សាចំណេះដឹងទូទៅសតវត្សទី២១ និងកម្មវិធីសិក្សាអន្តរជាតិ ផ្សេងៗទៀត ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ក្មេងជំនាន់ថ្មី៕