(បរទេស)៖ ប្រធានអត្តពលកម្មពិភពលោកបច្ចុប្បន្នលោក Lord Coe ជាបេក្ខជន ១រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោត ៧នាក់ ដើម្បីប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC តពីលោក Thomas Bach។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
នៅចាំបានថា លោក Coe បានកំពុងកាន់តំណែងប្រធានអត្តពលកម្មពិភពលោក ក្នុងអាណត្តិទី៣ របស់លោកនាពេលបច្ចុប្បន្ននេះ។
លោក Coe នេះដែរ បានក្លាយជាបេក្ខជនលេចធ្លោមួយរូប ក្នុងចំណោម ៧រូបដែលត្រៀមឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធាន IOC ថ្មី បន្ទាប់ពីប្រធានបច្ចុប្បន្ន លោក Thomas Bach បានប្រកាសក្នុងព្រឹត្តិការណ៍ Paris Olympics កាលពីខែមុនថា រូបលោកនឹងមិនឈរឈ្មោះបោះឆ្នោតទៀតទេ ក្រោយពេលចប់អាណត្តិទី២ របស់លោកនាឆ្នាំក្រោយ។
នេះមានន័យថា អតីតម្ចាស់មេដាយមាសអូឡាំពិក ២សម័យ វិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្ររបស់អង់គ្លេស លោក Coe ត្រូវប្រជែងតាមរយៈសំឡេងឆ្នោតទល់នឹងបុរសសញ្ជាតិអេស្ប៉ាញ Juan Antonio Samaranch Jr លោក David Lappartient របស់បារាំង លោក Kirsty Coventry របស់ហ្ស៊ីមបាវ៉េ លោក Morinari Watanabe របស់ជប៉ុន លោក Johan Eliasch របស់ស៊ុយអែត និងលោក Feisal al Hussein របស់ហ្សកដានី។
គួរបញ្ជាក់ផងថា ការបោះឆ្នោតផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨-២១ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងការប្រកាសចូលកាន់តំណែងនឹងធ្វើឡើងនាខែមិថុនានៃឆ្នាំដដែល៕