(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានចាត់ទុកការអភិវឌ្ឍយុវជន ដែលមានលក្ខណៈស្ដង់ដារត្រឹមត្រូវ គឺជាគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ពិសេសការផលិតបាននូវធនធានបន្ដវេនដ៏មានសក្ដានុពល សម្រាប់ការប្រកួតប្រជែងទាំងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបបានពន្យាកិច្ចព្រមព្រៀងលើភាពជាដៃគូជាមួយចូតាន់ ដោយបន្ថែមនូវការឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់ខ្លួន។ លោកថា កិច្ចសហការនេះបានអនុញ្ញាតឲ្យក្លិបកាន់តែមានលទ្ធភាពបណ្ដុះបណ្ដាលថ្នាលយុវជន សម្រាប់ចូលរួមការប្រកួតនានា ពិសេសលីគយុវជន ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោកបន្ដថា «ខ្ញុំគិតថា ការអភិវឌ្ឍយុវជន គឺសំខាន់ខ្លាំងណាស់ ដើម្បីជំរុញនូវការអភិវឌ្ឍវិស័យបាល់ទាត់ជាតិយើង។ អ៊ីចឹងហើយបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខិតខំរៀបចំលីគយុវជនឲ្យបានល្អ ជាក់ស្ដែងឆ្នាំនេះ លីគយុវជន គឺមានការប្រកួតប្រជែងខ្ពស់។ ដោយសារការរៀបចំបានល្អ និងមានការប្រកួតប្រជែងខ្ពស់នេះហើយ ទើបជំរុញឲ្យក្លិបខិតខំរៀបចំកាន់តែល្អផងដែរ»។
លោកបន្ថែមថា ក្លិបឧស្សាហ៍រៀបចំការប្រកួតដកស្រង់បច្ចេកទេសដើម្បីផ្តល់ឱកាសដល់យុវជន ពិសសអ្នកនៅតំបន់វេងស្រេង ដែលជាមូលដ្ឋានរបស់ក្លិបផ្ទាល់បានចូលរួមជាមួយសកម្មភាពបាល់ទាត់ ហើយក្លិបក៏បានឆ្លៀតឱកាសនោះ មើលជើងកីឡាករឆ្នើមៗដើម្បីនាំចូលឈុតយុវជន ហើយតាមគោលការណ៍របស់ក្លិបគឺត្រូវប្រូម៉ូតយុវជន ៣-៤នាក់ឡើងមកលេងនៅឈុតធំជារៀងរាល់ឆ្នាំទៀតផង។
ទន្ទឹមជាមួយគ្នាតំណាងចូតាន់ បានសម្ដែងក្ដីរីរាយ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈក្លិប ISI ដង្កោសែនជ័យ ដែលមិនត្រឹមមានក្រុមឈុតធំធ្វើការប្រកួតប្រជែងក្របខណ្ឌលីគកំពូលនោះទេ ថែមទាំងមានយុវជនគ្រប់កម្រិត សម្រាប់ចូលរួមការប្រកួតលីគយុវជនថែមទៀត ដែលជារឿងចាំបាច់នៃបាល់ទាត់ ត្រូវធ្វើការបណ្ដុះបណ្ដាល ដើម្បីទទួលបាននូវធនធានបន្ដវេនប្រកបដោយសក្ដានុពលក្នុងការប្រកួតតំណាងជាតិនាថ្ងៃអនាគត៕