(ឡុងដ៍)៖ លោក Unai Emery អ្នកចាត់ការទូទៅ Aston Villa បានថ្លែងថា រូបលោកចង់យកជ័យជម្នះរបស់ក្លិបនៅថ្ងៃបើកឆាក UEFA Champions League រាត្រីនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក Gary Shaw ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
គួរបញ្ជាក់ផងថា លោក Gary Shaw អតីតខ្សែប្រយុទ្ធ Aston Villa ដែលបានជួយក្លិបនេះ ដណ្តើមបានជើងឯកពានរង្វាន់អឺរ៉ុប European Cup កាលឆ្នាំ១៩៨២ នោះ បានអនិច្ចកម្មទៅកាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវ័យ ៦៣ឆ្នាំ។
ជាមួយគ្នានោះ បុរសសញ្ជាតិអេស្ប៉ាញ Emery ដែលបានដឹកនាំ Aston លេងនៅ UCL ក្នុងនាមជាក្លិបទី៦ ក្នុងក្របខណ្ឌអឺរ៉ុបផងនោះ ចង់យកជ័យជម្នះ ៣ពិន្ទុពីក្រុម Young Boys របស់ស្វីសនៅរាត្រីថ្ងៃអង្គារ ទី១៧ ខែកញ្ញានេះ ដើម្បីជាការរំលឹកដល់គុណបំណាច់របស់លោក Shaw ដែលទើបទទួលមរណភាពថ្មីៗនេះ។
លោកថា «ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ Villa ចំពោះការបាត់បង់អតីតវីរៈបុរសរបស់ពួគេនាពេលនេះ។ ខ្ញុំគិតថា វាពិតជាសោកសង្រេងខ្លាំងណាស់ ហើយសង្ឃឹមវាជាកម្លាំងចិត្ត ដែលជំរុញពួកយើងអាចធ្វើបាន»៕