(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ FC Barcelona កីឡាករ Dani Olmo ពេលនេះត្រូវដេកសម្រាកព្យាបាលបញ្ហារបួសសរសៃពួរនៅរយៈពេលជាង ១ខែ, នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
មុនពេលជួបបញ្ហារបួសនេះ ខ្សែប្រយុទ្ធ Dani Olmo ក៏រកបាន ៣គ្រាប់ជាមួយក្លិប Barcelona នៅការលេង ៣ប្រកួតមកនេះ ខណៈបញ្ហារបួសសរសៃពួរនេះ បានកើតឡើងក្រោយពេលរកបាន ១គ្រាប់ ជួយក្រុមលេងឈ្នះ Girona ៤-១ កាលពីថ្ងៃអាទិត្យ ហើយរូបគេត្រូវបានប្តូរចេញ បន្ទាប់ពីបានឃើញថាមានបញ្ហាមិនស្រួសលើសាច់ដុំជើងខាងស្តាំ ។
រំលឹកផងថា Olmo ជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Barcelona ដែលនាំមកក្រោយពេលកីឡាកររូបនេះ បានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងការរួមចំណែកជួយអេស្ប៉ាញ ឈ្នះពានអឺរ៉ុប Euro 2024 ដែលនាំមកពីក្លិប RB Leipzig ក្នុងតម្លៃ ៦១លានដុល្លារ ។
របួសសរសៃពួររបស់ Olmo នឹងត្រូវខកខានជួយក្លិបស្ថិតក្នុងតំបន់កាតាឡាន ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Hansi Fick តទល់ជាមួយក្រុម AS Monaco នៅកីឡដ្ឋាន Stade Louis II នៅថ្ងៃទី២០ ខែកញ្ញានេះ ក្នុងជំនួបទី១ នៃវគ្គ ៣៦ក្រុមពានលីគអឺរ៉ុប UEFA Champions League 2024-25 ៕