(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននឹងបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដោយនឹងជំរុញការបណ្ដុះធនធានយុវជនមានសក្ដានុពលត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាណត្តិចាស់ ទទួលបានមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ។

នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ ក្រោយមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ ២០២០/២០២៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីលោក គឹម សុខុន តំណាងលោក ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខាងលើ បានរំឮកពីសមិទ្ធផលជាច្រើន ក្នុងអាណត្តិចាស់ ពិសេសការដណ្ដើមបានមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលក្រុមកីឡាទោចក្រយានកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១។ លើសពីនេះ សហព័ន្ធក៏បានផលិតនូវធនធានមន្ដ្រីបច្ចេកទេសកម្រិតអន្ដរជាតិជាច្រើន ដែលអាចធ្វើការជាមួយក្រុមការងារមកពីសហព័ន្ធអាស៊ី និងពិភពលោក ព្រមទាំងមានធនធានគ្រូកម្រិតខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជាទៀតផង។

ទន្ទឹមជាមួយការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងអាណត្តិចាស់នេះដែរ សហព័ន្ធនឹងបន្ដនូវការអភិវឌ្ឍ ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ ពិសេសក្នុងអាណត្តិថ្មី សហព័ន្ធនឹងធ្វើការជ្រើសរើស និងរៀបចំនូវការបណ្ដុះបណ្ដាលយុវជនថ្នាលកម្រិតអាយុ ១២ ទៅ ១៣ឆ្នាំ ដោយសហព័ន្ធនឹងស្នើសុំការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីពង្រឹងការប្រមូលផ្ដុំហ្វឹកហាត់ពួកគេ ក្នុងន័យសម្រួចសមត្ថភាពត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

លោក នូ ចំរើន បន្ថែមថា ជាមួយការបន្ថែមនូវយុទ្ធសាស្ដ្រថ្មី នៃការបណ្ដុះបណ្ដាលយុវជនបន្ដវេនក្នុងអាណត្តិថ្មីនេះដែរ សហព័ន្ធក៏មិនប្រលែងដៃ ក្នុងការពង្រឹងក្រុមធំ ដើម្បីត្រៀមការប្រកួតអន្ដរជាតិចំពោះមុខផងដែរ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលសហព័ន្ធបានដាក់គោលដៅរក្សាឲ្យបាននូវមេដាយខ្លួនធ្លាប់ទទួលបានក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឬលើសពីនេះ។ សហព័ន្ធគ្រោងនឹងធ្វើការប្រមូលផ្ដុំសម្រាប់អត្តពលិកក្រុមធំនៅទីតាំងចំនួន ២ គឺនៅខេត្តកំពត និងខេត្តពោធិ៍សាត់។

ក្រឡេកមកចាប់អារម្មណ៍រចនាសម្ព័ន្ធថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងអាណត្តិទី៥ វិញ គឺមានលោក ប៉ាន សូរស័ក្ដិ ដែលទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធាន ៣រូប គឺមានលោក គឹម សុខុន, លោក វង្ស ខាន់ពៅ និងលោក ឡាយ សុខសៅគន្ធា។ លោក នូ ចំរើន បន្ដតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ២រូប ព្រមទាំងកញ្ញា សួង ចាន់តូរ៉ាទី ជាអគ្គហេរញ្ញឹក និងសមាជិកចំនួន ៥នាក់ផ្សេងទៀត៕