(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសនៅដើមសប្តាហ៍នេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនសម្រេចអនុម័តកម្មវិធីទិញភាគហ៊ុនថ្មីត្រឡប់មកវិញ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់៦០ពាន់លានដុល្លារ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានប្រកាសភាគលាភប្រចាំត្រីមាសចំនួន ០.៨៣ដុល្លារក្នុងមួយហ៊ុន ដែលឆ្លុះបញ្ចាំងពីការកើនឡើង១០% បើធៀបនឹងត្រីមាសមុន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ។ ក្រុមហ៊ុនយក្សនេះក៏ធ្លាប់និយាយថា ខ្លួននឹងចំណាយកាន់តែច្រើនក្នុងឆ្នាំសារពើពន្ធនេះលើហេដ្ឋារចនាសម្ព័ន្ធ AI ហើយជាលិទ្ធផល គឺបានរាយការណ៍ពីការកើនឡើង ៧៧.៦% នៃការចំណាយមូលធននៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដែលភាគច្រើន ដោយសារតែការចំណាយទាក់ទងទៅ AI ។
គួរជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមទាំង Microsoft និង Alphabet មេធំរបស់ Google នោះ កំពុងប្រឈមមុខនឹងសម្ពាធនៃវិនិយោគិនជាខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ AI ត្បិតក្រុមហ៊ុនខ្លះចំណេញ និងក្រុមហ៊ុនខ្លះចាយប្រាក់ច្រើន តែមិនទាន់ឃើញផល។ តែយ៉ាងណា បើនិយាយពី Microsoft គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗមួយចំនួន ដែលបានរួមចំណែកលើវិស័យ AI និងទទួលបានប្រាក់ចំណូលច្រើនដោយសារបច្ចេកវិទ្យានេះ ព្រោះបានដើរមុនគេមួយជំហាន៕