(បរទេស)៖ នៅដើមសប្តាហ៍នេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបង្កើត Software យក្ស Oracle បានកើនឡើង ៥.១% និងបានជំរុញឱ្យស្ថាបនិកក្រុមហ៊ុននេះ គឺលោក Larry Ellison ក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោក ដណ្តើមបានតំណែងស្ថាបនិកក្រុមហ៊ុន Amazon លោកJeff Bezos ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានឲ្យដឹងថា ទឹកប្រាក់របស់ Larry Ellison បានកើនឡើង ៨.១ ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកឈានដល់ប្រហែល ២០៦ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីមហាសេដ្ឋរបស់ទស្សនាវដ្តី Forbes ។ ប្រការនេះបានធ្វើឲ្យលោក Jeff Bezos ដែលធ្លាប់តែជាមហាសេដ្ឋីលំដាប់ទី២លើពិភពលោក ចាប់តាំងពីឆ្នាំ២០១៦មក ជាមួយទ្រព្យសម្បត្តិសុទ្ធ ២០៣ ពាន់លានដុល្លារ ធ្លាក់ពីតំណែងភ្លាមៗ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលកាលពីសប្តាហ៍មុន ដែលទទួលបានលើសពីការរំពឹងទុក និងបានបង្កើនការព្យាករណ៍ប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ របស់ខ្លួន។ ការកើនឡើងនៃតម្លៃភាគហ៊ុននេះបានធ្វើឱ្យ លោក Ellison ដណ្តើមតំណែត លោក Bezos ក្លាយជាមហាសេដ្ឋីលំដាប់ទី២ របស់ពិភពលោក។
គួរជម្រាបថា ភាពជោគជ័យនៃភាគហ៊ុនរបស់ Oracle គឺមួយផ្នែកដោយសារតែតួនាទីរបស់ក្រុមហ៊ុន នៅក្នុងការរីកចំរើនលើបញ្ញាសិប្បនិម្មិត។ Ellison ដែលបានបង្កើត Oracle ក្នុងឆ្នាំ១៩៧៧ បាននិយាយអំពីរបៀបដែលក្រុមហ៊ុនកំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដើម្បីបំពេញតម្រូវការកើនឡើងនៃជំនាន់ AI នេះ។ បន្ថែមពីនេះ Oracle ក៏គ្រោងចាប់ដៃគូជាមួយអង្គភាព Cloud របស់ Amazon ដើម្បីបើកដំណើរការសេវាកម្មទិន្នន័យរបស់ខ្លួនផងដែរ៕