(បរទេស)៖ ក្រុមហ៊ុន BYD ត្រូវបានរាយការណ៍មកថាបានកាន់កាប់កម្មសិទ្ធិពេញលេញ ១០០% តែម្តង នៃក្រុមហ៊ុន Denza ក្នុងប្រទេសចិន នេះមានន័យថា Denza បានផ្លាស់ប្តូរពីក្រុមហ៊ុនចម្រុះមានការបណ្តាក់ទុនរួមគ្នាទៅជាក្រុមហ៊ុនរថយន្តឯករាជ្យជាកម្មសិទ្ធរបស់ BYD តែឯង។
បើតាមការចេញផ្សាយពីគេហទំព័រ Car News China បានឲ្យដឹងថា ក្រុមហ៊ុន Shenzhen Denza New Energy Automobile Co., Ltd (Denza) គឺជាក្រុមហ៊ុនផលិតរថយន្តចម្រុះដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ ដែលជាការចាប់ដៃគ្នារវាង BYD និង Mercedes Benz ដោយមានការគ្រប់គ្រងភាគហ៊ុន ៥០% ដូចគ្នា។ រហូតដល់នៅឆ្នាំ២០២១ ក្រុមហ៊ុន BYD បានប្រកាសបង្កើនភាគហ៊ុនចូលទៅក្នុងក្រុមហ៊ុនមួយនេះ រហូតដល់៩០% ដែលបានធ្វើឲ្យក្រុមហ៊ុន Mercedes Benz កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុននេះនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ និងមិនបានចូលរួមនៅក្នុងការអភិវឌ្ឍន៌នៅលើម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនរួមគ្នានេះថែមទៀតផង។ រហូតមកទល់នឹងពេលនេះ ក៏មានសេចក្តីរាយការណ៍មកថា BYD កាន់កាប់ក្រុមហ៊ុននេះ ១០០% តែម្តង ដោយបានក្លាយជាក្រុមហ៊ុនឯករាជ្យមួួផងដែរ។
គួរជម្រាបថា ក្រុមហ៊ុន Denza បានចាប់ផ្តើមចុះបញ្ជីជាលើកដំបូងជាមួយនិងតម្លៃប្រហែល ១ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបានបញ្ចេញនូវគំរូរថយន្តដំបូងរបស់ខ្លួននៅឆ្នាំ២០២២ នៅក្នុងព្រឹត្តិការណ៌ពិពណ៌ Beijing Auto Show ហើយបានចាប់ផ្តើមផលិតរថយន្ត Denza ជាលើកដំបូងនៅឆ្នាំ២០១៤។ ក្រុមហ៊ុនទាំងពីរនេះបានសម្រេចដាក់បញ្ចូលគ្នានូវគំនិតៗ និងបច្ចេកវិទ្យាថ្មីៗរៀងៗខ្លួនទៅលើសង្វាក់ផលិតកម្មរថយន្តថ្មីដែលខ្លួនបានផលិតដែលមានដូចជា Denza 400 និង Denza 500។ រថយន្តទាំងនេះ ប្រើប្រាស់នូវប្រព័ន្ធ Mercedes B-class platform និង BYD e6 powertrain។ ក្រោយមក គឺបានបញ្ចេញម៉ាក់រថយន្តថ្មីៗជាបន្តបន្ទាប់នៅលើទីផ្សារ៕