(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” (គ.ច.យ.ខ.ព) បានកោះប្រជុំ និងក្រើនរំឮកអំពីប្រតិទិនការងារ ដល់គ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកទី១ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។
ថ្លែងក្រោយកិច្ចប្រជុំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងស្ដាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាការផ្ដល់នូវការងារមួយចំនួន ដែលជាភារកិច្ចទទួលខុសត្រូវ ទៅតាមប្រតិទិនការងាររបស់ផ្នែកនីមួយៗ ពិសេសលើការងារផ្សព្វផ្សាយ ពិធីការ សន្ដិសុខសណ្ដាប់ធ្នាប់ ការកៀគរអ្នកចូលរួមប្រកួត និងបំផុតស្មារតីជាតិនិយម ដើម្បីលើកស្ទួយយុទ្ធគុនចម្រុះខ្មែរបុរាណ ។
លោកបន្ដថា «យើងបានបញ្ជាក់ឡើងវិញនូវប្រតិទិនការងារ ដែលកំណត់ពេលវេលាពីពេលនេះ រហូតដល់ថ្ងៃប្រកួត តើយើងត្រូវធ្វើអ្វីខ្លះ? ឬមានកម្មវិធីអ្វីខ្លះ? នេះគឺជារឿងសំខាន់មួយ ក្នុងការវាយតម្លៃទៅតាមដំណាក់កាលនៃការងារ ។ យើងទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដែលកៀគរឲ្យមានការចូលរួមជាស្មារតី ចូលរួមក្នុងការប្រកួត និងការឧបត្ថម្ភការប្រកួតជាស្មារតីចូលរួមលើកស្ទួយនូវយុទ្ធគុនខ្មែរបុរាណរបស់យើង តែមិនមែនចូលរួមក្នុងការស្វែងរកនូវការទាមទារក្នុងលក្ខខណ្ឌអ្វីមួយឡើយ» ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដដែលបន្ថែមថា «យើងមានភាគីពាក់ព័ន្ធទាំងអស់ មានទាំងផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់ ផ្នែកសុខាភិបាល ផ្នែកផ្សព្វផ្សាយ និងអគ្គិសីនីជាដើម ដែលយើងត្រូវរួមគ្នាត្រួតពិនិត្យការងារនេះទាំងអស់គ្នា ។ ការងារដែលសំខាន់ គឺធ្វើយ៉ាងណាឲ្យផ្នែកនីមួយៗ ទទួលខុសត្រូវខាងផ្នែការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ ហ្មត់ចត់ និងធ្វើការរៀបចំឲ្យមានភាពទាក់ទាញក្នុងការចូលរួមទស្សនា អបអរសាទរ និងការគាំទ្រឲ្យផុសផុលទូទាំងប្រទេស» ។
គួរដឹងថា គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកទី១ ទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធជិត ២០០នាក់ហើយ ខណៈមានប្រមាណជិត ១០០នាក់ទៀត បាននឹងកំពុងមមាញឹកបំពេញលក្ខខណ្ឌចុះឈ្មោះចូលរួម ស្របពេលគណៈកម្មការរៀបចំ គ្រោងនឹងបិទឈប់ទទួលពាក្យនៅចុងខែនេះ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងចំណោមអ្នកចុះឈ្មោះនោះ ក៏មានក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាច្រើនផងដែរ ដែលសបញ្ជាក់ឲ្យឃើញពីការស្ម័គ្រចិត្ត និងរួមចំណែកយ៉ាងផុសផុលដើម្បីលើកស្ទួយនូវក្បាច់គុនខ្មែរបុរាណ ៕