(ម៉ូនិច)៖ ក្រុមលីគអាល្លឺម៉ង់ FC Bayern Munich បានយកឈ្នះក្រុមមកពីលីគក្រូអាត Dinamo Zagreb ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៩-២ ក្នុងប្រកួតទី១ ក្នុងវគ្គ ៣៦ក្រុមនៃពានរង្វាន់លីគ UEFA Champions League 2024-25 ។

ក្នុងលទ្ធផល ៩គ្រាប់នេះដែរ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយដោយបានស៊ុត ៤គ្រាប់ម្នាក់ឯងនៅមួយប្រកួតដំបូងនេះ ក្នុងជំនួបធ្វើឡើងនៅទឹក Bayern Munich ដែលនាំឱ្យរូបគេក្លាយជាអ្នកស៊ុតបញ្ចូទីបានច្រើនជាងគេរបស់អង់គ្លេស នៅប្រវត្តិសាស្ត្រពាន Champions League ។

ពេលនេះ Harry Kane រកបានគ្រាប់សរុប ៣៣គ្រាប់ហើយ នៅការបង្ហាញខ្លួនក្នុងពានរង្វាន់ Champions League ដែលបានវ៉ាដាច់មិត្តរួមសញ្ជាតិ Wayne Rooney ដែលរកបាន ៣០គ្រាប់ ។ ដ្បិតពេលនេះក្រុម Bayern ក៏បានឈានទៅឈរនាំមុខគេនៃតារាងចំណាត់ថ្នាក់បណ្តោះអាសន្នផងដែរ ។

បញ្ជាក់ផងថា នេះជាមួយប្រកួតដំបូងនៃការបើកឆាកពាន UEFA Champions League 2024-25 ដែលបានប្តូរលក្ខខណ្ឌថ្មីក្នុងការលេងវគ្គ ៣៦ក្រុមសន្សំពិន្ទុ ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិក្នុងការកំណត់ ៨ក្រុមកំពូលតារាងដែលពិន្ទុខ្ពស់ជាងគេ ហើយក្រុមឈរពីលេខ៩ ដល់លេខ២៤ ក្នុងតារាងត្រូវបន្តលេងវគ្គជម្រុះ (Play Off) ក៏ដើម្បីចម្រាញយក ៨ប្រកួតទៅបង្គ្រប់ផងដែរ ៕