(ឡុងដ៏)៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Barnsley ៧-០ ក្នុងជំនួបជុំទី៣ ពានរង្វាន់ EFL Cup 2024-25 នឹងនាំពួកគេឈានទៅវគ្គ ១៦ក្រុមជាបន្ត ក្លាយជាជ័យជម្នះដ៏ធំបផុតមួយក្រោយការដឹកនាំដោយ Erik ten Hag គិតចាប់តាំងពីបានមកដឹកនាំក្រុមនេះតាំងពីឆ្នាំ២០២២ ។
ក្នុងជំនួបនៅកីឡដ្ឋាន Old Trafford ក្នុងចំណោម ៧គ្រាប់របស់ Man United មានកីឡាករ ៣នាក់ដែលអាចរកបាន ២គ្រាប់ដូចគ្នា ក្នុងនោះមានខ្សែប្រយុទ្ធ Marcus Rashford, Alejandro Garnacho និងខ្សែបម្រើ Christian Eriksen ហើយមាន ១គ្រាប់ជារបស់ Antony ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ។
តាមរយៈលទ្ធផលច្រើនគ្រាប់នេះ វាគឺជាជ័យជម្នះដ៏ធំបំផុតរបស់ Man Utd គិតចាប់តាំងពីពួកគេបានយកឈ្នះលើក្រុម Southampton ៩-០ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។
បញ្ជាក់ផងថា Man United ក៏ជាក្រុមគ្រងជើងឯកពាននេះបានចំនួន ៦សម័យកាលផងដែរ ហើយស្ថិតក្រោមការដឹកនាំដោយលោក Ten Hag បានលើកពាននេះចុងក្រោយនៅរដូវកាល២០២២-២៣ ៕