(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅអាស៊ាន ដែលទទួលបាន «ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ ASEAN-OSHNET Excellence Award» ពីកម្មវិធីពានរង្វាន់ បណ្ដាញសុវត្ថិភាព និងសុខុមាលភាពការងារអាស៊ានឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ការទទួលបានពានរង្វាន់ថ្នាក់តំបន់មួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អំពីការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ និយោជិតគ្រប់ជាន់ថ្នាក់ និងបង្ហាញពីមោទកភាព ដ៏អស្ចារ្យមួយទៀតក្នុងនាមជាក្រុមហ៊ុនខ្មែរ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ការអនុវត្តស្ដង់ដាសុវត្ថិភាព គឺជាកិច្ចការអាទិភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបានថា គ្រប់អតិថិជនទាំងអស់ ទទួលបាននូវផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ ទន្ទឹមគ្នានេះ កម្មករនិយោជិតទាំងអស់ ទទួលបានការមើលថែយ៉ាងកក់ក្ដៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រុមហ៊ុន ទាំងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្ត នាអំឡុងពេលធ្វើការ និងពេលត្រឡប់ទៅដល់ផ្ទះវិញ។ ដូច្នេះហើយ ទើបធ្វើឲ្យបុគ្គលិកទាំងអស់តែងតែចាត់ទុកកន្លែងការងារដូចជាផ្ទះទី២របស់ខ្លួន។
អ្នកឧកញ៉ា បន្ថែមថា ចំពោះការទទួលបានពានរង្វាន់បណ្ដាញសុវត្ថិភាព និងសុខុមាលភាពការងារអាស៊ានឆ្នាំ២០២៤នេះ គឺជាកម្លាំងជំរុញទឹកចិត្តដ៏ខ្លាំងក្លាដល់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដើម្បីអភិវឌ្ឍស្ដង់ដារសុវត្ថិភាពនៅក្នុងក្រុមហ៊ុនឲ្យកាន់តែប្រសើរឡើងថែមទៀត។
ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ត្រូវបានផ្ដួចផ្ដើម និងរៀបចំឡើងដោយក្រសួងការងារនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងគាំទ្រដល់ឧត្តមភាព និងការអនុវត្តល្អបំផុតរបស់សហគ្រាសក្នុងការលើកកម្ពស់សុវត្ថិភាព និងស្ដង់ដាសុខុមាលភាពនៅកន្លែងធ្វើការងារ ហើយនេះ គឺជាលើកទី៥ហើយ ដែលកម្មវិធី ត្រូវបានរៀបចំឡើង។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ដែរថា ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន តំណាងឲ្យតម្លៃរួម ការប្តេជ្ញាចិត្ត និងអំពាវនាវឲ្យមានសកម្មភាពបន្ដឆ្ពោះទៅរកស្ដង់ដាសុវត្ថិភាព និងសុខុមាលភាពខ្ពស់បំផុតនៅកន្លែងធ្វើការងារនៅអាស៊ាន។
ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេមួយ ដែលបានវិនិយោគរាប់លានដុល្លារ ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មរោងចក្រលំដាប់ពិភពលោក តាមរយៈការប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាស្ដង់ដារខ្ពស់ ទំនើបចុងក្រោយ ដើម្បីផលិតបាននូវផលិតផល «Made in Cambodia» ដ៏ល្អបំផុត។ មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក ក្រុមហ៊ុន ដែលវិនិយោគដោយវិនិយោគិនខ្មែរ១០០%នេះ ក៏បានទទួលវិញ្ញាប័នបត្រ និងពានរង្វាន់ជាច្រើនទៀតដូចជា ISO 14001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងគុណភាព, World-Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក ព្រមទាំងមេដាយមាស Monde Selection ចំនួន ៣៧គ្រឿង ច្រើនជាងគេនៅកម្ពុជា បញ្ជាក់ពីការវាយតម្លៃគុណភាពផលិតផល៕