(ម៉ាឌ្រីត)៖ ខ្សែប្រយុទ្ធវ័យក្មេង Endrick បានរួមចំណែកជួយក្រុមអេស្ប៉ាញ Real Madrid យកឈ្នះក្រុមមកពីលីគអាល្លឺម៉ង់ VfB Stuttgart លទ្ធផល ៣-១ ក្នុងពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប UEFA Champions League 2024-25 នៅប្រកួតទី១ នៃវគ្គសន្សំពិន្ទុ ៣៦ក្រុម ។
ក្នុងវ័យ ១៨ឆ្នាំ និង ៥៨ថ្ងៃ របស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Endrick ពីការស៊ុតបានសម្រេចមួយគ្រាប់ដំបូងនៅពានអឺរ៉ុបនេះ នៅនាទីចុងម៉ោង ៩០+៥ បាននាំឱ្យរូបគេឈានទៅបំបែកកំណត់ត្រារបស់អតីតរៀមច្បងរបស់ក្លិបលោក Raul ដែលធ្វើនៅឆ្នាំ១៩៩៥ នៅពេលលោកមានវ័យ ១៨ឆ្នាំ និង ១១៣ថ្ងៃ នៅការស៊ុតទៅលើក្រុម Ferencvaros ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងជាងគេនៅ UCL របស់ក្លិប Real Madrid ។
ស្ថិតក្នុងប្រកួតនេះ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ក៏រកបានមួយគ្រាន់ផងដែរ នៅនាទី៤៦ នឹងជាការរកបានគ្រាប់ដំបូងនៅ UCL ជាមួយក្រុម Real Madrid ត្រឹមការចាប់ផ្តើមបាន ២០វិនាទីដើមតង់ទី២ ហើយខ្សែការពារ Rudiger ក៏រកបាននៅនាទី៨៣ ជាមួយការវាយបកបានដោយ Deniz Undav នៅនាទី៦៨ របស់ក្រុម Stuttgart ។
ប្រកួតបន្ទាប់ក្នុងវគ្គសន្សំពិន្ទុ ៣៦ក្រុមនេះ ក្លិបដឹកនាំដោយលោក Carlo Ancelotti ត្រូវប៉ះក្រុម Lille ដ្បិតការយកបាន ៣ពិន្ទុដំបូងនេះ ពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេង៥ បណ្តោះអាសន្ន ហើយក្រុម VfB Suttgart បន្តទៅជួយក្រុម Sparta Prague ៕