(បរទេស)៖ ក្រុមហ៊ុន Microsoft និង BlackRock ត្រូវបានរាយការណ៍មកថា កំពុងសហការគ្នាដើម្បីប្រមូលផ្តុំការវិនិយោគមានតម្លៃជាទឹកប្រាក់រហូតដល់ ១០០ពាន់លានដុល្លារ ក្នុងគោលបំណងសាងសងមជ្ឈមណ្ឌលទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត AI និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីពង្រីកអាជីវម្មបច្ចេកវិទ្យារបស់ខ្លួន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរខាងលើ គឺជាផ្នែកមួយនៃក្រុមហ៊ុន Global Artificial Intelligence Infrastructure Investment Partnership ឬហៅកាត់ថា GAIIP ដែលបានប្រកាសជាផ្លូវការពីការវិនិយោគរួមគ្នានៅថ្ងៃអង្គារនេះ ខណៈក្រុមហ៊ុនផ្សេងទៀត ដូចជា Global Infrastructure Partners ឬហៅកាត់ថា GIP ដែលជាក្រុមហ៊ុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយក្រុមហ៊ុននេះកំពុងត្រូវបានទិញយកដោយ BlackRock និង MGX ជាក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យានៅ អេមីរ៉ាតអារ៉ាប់រួម ក៏មកសហការគ្នាផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងប្តេជ្ញាធានា AI ជួយជំរុញការច្នៃប្រឌិត និងជំរុញកំណើននៅទូទាំងគ្រប់វិស័យនៃសេដ្ឋកិច្ច» ។ លោកបាននិយាយថា គំនិតផ្តួចផ្តើមនេះនាំមកនូវ «ការដឹកនាំផ្នែកហិរញ្ញវត្ថុ និងឧស្សាហកម្មរួមគ្នា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត និងផ្តល់ថាមពលឱ្យវាប្រកបដោយនិរន្តរភាព»។ ការរួមគ្នាវិនិយោគនេះ គឺមានគោលបំណងប្រមូលដើមទុនដំបូងចំនួន ៣០ពាន់លានដុល្លារ ជាមួយនឹងគោលដៅនាពេលអនាគតរហូតដល់ ១០០ពាន់លានដុល្លារ រួមទាំងពីការផ្តល់ហិរញ្ញប្បទានបំណុលផងដែរ។
គួរចម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបាននឹងកំពុងប្រណាំងប្រជែងគ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដែលពោរពេញទៅដោយសមត្ថភាព ក្នុងនោះរួមមាន Nvidia អង្គភាពដំណើរការក្រាហ្វិក ឬ GPUs ដែលអាចដំណើរការគំរូ AI ទូទៅ, ក្រុមហ៊ុន OpenAI ម្ចាស់ ChatGPT ជាដើម។ ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នៅពេលនេះ គឹដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាកម្ម Cloud Azure ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន OpenAI និងអតិថិជន AI ផ្សេងទៀតផងដែរ៕