(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់គណៈកម្មការជំនាញ និងគ្រប់ភាគីពាក់ព័ន្ធថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ទោះបីត្រូវរៀបចំកម្រិតជាតិ តែត្រូវមានលំនាំ និងស្ដង់ដាររួមមួយ ដើម្បីធានាការប្រកួតប្រព្រឹត្តទៅដោយរលូន ទាំងការងារបច្ចេកទេស និងការងាររដ្ឋបាល នៅតាមទីលាននីមួយៗ ។
ការចង្អុលបង្ហាញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំគណៈកម្មការជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រៀមការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី១៨ ខែកញ្ញានេះ ស្របពេលព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំ ២ឆ្នាំម្ដងខាងលើ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។
កិច្ចប្រជុំនេះ បានផ្ដោតការយកចិត្តទុកដាក់លើការគ្រប់គ្រង ដឹកនាំ និងរៀបចំ ពាក់ព័ន្ធនឹងការងារបច្ចេកទេស ទីលាន និងការដឹកជញ្ជូន ហូបចុក ស្នាក់នៅ ដែលបានត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារនីមួយៗ ដើម្បីធានាបាននូវការត្រៀមរួចរាល់ មុនការប្រកួតនាចុងខែក្រោយ ដោយលោកបានសង្កត់ទ្ងន់ទៅលើការងារទីលាន ដែលគណៈកម្មការជំនាញ និងអង្គភាពសាមី ត្រូវធ្វើការជាមួយសហព័ន្ធជាតិ និងម្ចាស់ទីតាំង ដើម្បីធានាអាចរៀបចំការប្រកួតបាន ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទោះបីការប្រកួតនេះ រៀបចំកម្រិតជាតិ តែត្រូវធ្វើឲ្យមានលំនាំ និងស្ដង់ដារមួយ មិនមែនរៀបចំកម្រិតជាតិ អត់មានបន្ទប់អាជ្ញាកណ្ដាល ឬបន្ទប់បម្រើការងារផ្សេងៗនោះទេ ។ រីឯទីលានប្រកួត ក៏ត្រូវធានាបាននូវសម្ភារៈគ្រប់គ្រាន់ ទៅតាមប្រភេទកីឡានីមួយៗ រួមទាំងផ្នែកសុខាភិបាល ។ លើសពីនេះ ការងារដឹកជញ្ជូន និងស្នាក់នៅ ហូបចុកចិត្ត ក៏ជាការងារសំខាន់ ដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានមុនថ្ងៃប្រកួតមកដល់ផងដែរ ។
គួរដឹងថា ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៣០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ខណៈពិធីបិទនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។ បច្ចុប្បន្នមានប្រតិភូ និងអត្តពលិកសរុបប្រមាណ ៤,៥០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ៕