(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Intel ត្រូវបានគេរាយការណ៍មកថា បានកើនឡើងភាគហ៊ុនប្រមាណ ៦.៤ភាគរយ បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនដើម្បីរៀបចំរចនាសម្ព័ន្ធអាជីវកម្មគ្រឹះរបស់ខ្លួនឡើងវិញ ដែលផ្តោតលើអាជីវកម្មផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) សម្រាប់ផ្គត់ផ្គង់ Amazon Web Services (AWS)។ យោងតាមទិន្នន័យពី TrandingView តម្លៃភាគហ៊ុនរបស់ Intel ឥឡូវនេះមានតម្លៃ ២៣.៣០ដុល្លារក្នុងមួយហ៊ុន ពោលគឺកើនឡើងពីតម្លៃដើម ១៩.៨៦ដុល្លារ។
បើតាមការចេញផ្សាយដោយ CoinTelegraph នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Intel លោក Patrick Gelsinger បាននិយាយនៅក្នុងអនុស្សរណៈនៅថ្ងៃទី១៦ ខែកញ្ញា ថា Intel Foundry ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន នឹងក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯករាជ្យ ដែលមានក្រុមប្រឹក្សាភិបាលផ្ទាល់ខ្លួន ព្រមទាំងសមត្ថភាពក្នុងការពង្រីកដើមទុនខាងក្រៅ។ Intel គឺស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និង Hardware ធំជាងគេបំផុតរបស់ពិភពលោក។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Intel ក្នុងការធ្វើឱ្យអាជីវកម្មរបស់ខ្លួនក្រោកឡើងវិញ ក៏ដូចជាដើម្បីទាញយកប្រាក់ចំណូល ខណៈដែលក្រុមហ៊ុនយក្សនេះបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ Intel ព្រមទាំងមានគោលបំណងពង្រឹងជំហររបស់ខ្លូននៅក្នុងទីផ្សារបន្ទះឈីប AI ដែលជាកន្លែងដែលក្រុមហ៊ុននេះដើរយឺតជាងគូរប្រជែងដូចជា Nvidia។
CEO ក្រុមហ៊ុន Intel លោក Gelsinger បានគូសបញ្ជាក់ថា ផែនការបំបែក Intel Foundry នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់លោកដែលកំពុងចួបបញ្ហា «អាចទាញយកអត្ថប្រយោជន៍កាន់តែច្រើន បង្កើនប្រាក់ចំណេញ និងបង្កើនការប្រកួតប្រជែងទីផ្សារកំពុងពេញនិយម»។ លោកបានបន្តទៀតថា «ដូចដែលខ្ញុំបាននិយាយពីមុន នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុតរបស់ Intel ក្នុងរយៈពេល ៤ទសវត្សរ៍»។
គួរជម្រាបថា ក្រុមហ៊ុន Intel នឹងចាប់ផ្តើមផលិតបន្ទះឈីបជាមួយនឹងដំណើរការផលិតបន្ទះឈីប 18A ថ្មីសម្រាប់ដៃគូសហការរបស់ខ្លួន រួមទាំងក្រុមហ៊ុន Microsoft និង Amazon នៅឆ្នាំក្រោយនេះ៕