(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនដាំបន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស បានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) សម្រាប់ការប្រើប្រាស់ឱបករណ៍ពិសោធន៍របស់ខ្លួនដែលមានឈ្មោះថា «Blindsight»។ ឧបករណ៍ថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយមនុស្សដែលពិការភ្នែកទាំងសងខាង និងសរសៃប្រសាទអុបទិកអាចមើលឃើញបានដូចមនុស្សទូទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
Musk បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ផ្ទាល់ខ្លួនរបស់លោកថា «ប្រសិនបើ Cortex (ប្រព័ន្ធប្រសាទភ្នែក) មើលឃើញនៅដដែល ឧបករណ៍នេះអាចអនុញ្ញាតឱ្យអ្នកដែលពិការភ្នែកតាំងពីកំណើតអាចមើលឃើញបានជាលើកដំបូងផងដែរ។ មហាសេដ្ឋីរូបនេះបានគូសបញ្ជាក់ថា «ជំហ៊ានដំបូងវានឹងអាចមើលឃើញត្រឹមរយៈចម្ងាយទាបតែប៉ុណ្ណោះ ប៉ុន្តែនាពេលអនាគតវាអាចនឹងមានសក្តានុពលខ្លាំងជាង បើធៀបនឹងការមើលនឹងភ្នែកធម្មជាតិរបស់យើង ហើយអាចមើលក្នុងរយៈចម្ងាយឆ្ងាយរហូតដល់រ៉ាដាឯណោះ»។ តែយ៉ាងទាក់ទិននិងព័ត៌មានលម្អិតអំពីប្រកាសនេះ ក្រុមហ៊ុន Neuralink នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិប្បាយនៅឡើយនោះទេ។
គួរជម្រាបថា Neuralink ត្រូវបានបង្កើតឡើងដោយលោក Elon Musk ក្នុងឆ្នាំ២០១៦ និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។ យ៉ាងណាការសាកល្បងសម្រាប់មនុស្សពិការភ្នែកនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជ្រើសរើសអ្នកជំងឺចំនួន ៣នាក់ក្នុងពេលឆាប់ៗខាងមុខ៕