(មេនឆេស្ទើ)៖ Manchester City ដែលធ្លាប់យកឈ្នះ Inter Milan កាលឆ្នាំ២០២៣ ដើម្បីលើកពានអឺរ៉ុប UEFA Champions League នោះ ពុំអាចធ្វើអ្វីក្រុមមកពីអ៊ីតាលីបានទេយប់មិញនេះ ពោលគឺបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Etihad ដែលស្ថិតក្នុងទីក្រុង Manchester ផងនោះ ខ្សែបម្រើអង់គ្លេស Jack Grealish ធ្វើបានល្អជាងគេជា Man of the Match នៃការប្រកួតរវាងក្រុមជើងឯកទាំងពីរ ដ្បិតក្រុមរកបានត្រឹម ១ពិន្ទុដូចគ្នាក៏ដោយ។

ជំនួបដ៏តានតឹងនៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុបរដូវកាលថ្មីនេះដែរ ខ្សែប្រយុទ្ធន័រវេស Erling Haaland បានខកខានរកគ្រាប់ទី១០០ របស់ខ្លួន ពីការលេងឱ្យមេឃខៀវ Man City ស្របពេលដៃគូប្រយុទ្ធ Phil Foden ដែលត្រូវបានប្តូរចូលនៅវគ្គទី២ ជំនួសមិត្តរួមក្រុម Kevin de Bruyne ក៏ពុំអាចស៊ុតទម្លុះសំណាញ់ទីកីឡាករចាំទី Yann Sommer បានដែរ។

នេះក៏ជាលើកដំបូងផងដែរ ក្នុងប្រវត្តិសាស្រ្តលេង ៤០ប្រកួតក្នុងពូលនៅ UEFA Champions League របស់ Man City ដែលពុំអាចរកបានគ្រាប់បាល់ និងជាលើកទី២ ទៀតផង ក្នុងរយៈពេល ២កន្លះចុងក្រោយនេះដែលពុំមានគ្រាប់ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន ក្រៅពីបញ្ចប់ដោយលទ្ធផល ០-០ ក្នុងលីគទល់នឹង Arsenal នារដូវកាលមុននោះ៕