(រ៉ូម)៖ ក្លិបអ៉ីតលី AS Roma បានសម្រេចបណ្តេញលោក Daniele de Rossi ចេញពីតំណែងគ្រូបង្វឹក បន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អនោះទេ នៃលីគអ៉ីតាលី Serie A ដែលក្លិបបានឈរលេខរៀងទី១៦ ពីការលេងបាន ៤ប្រកួត ។នេះបើតាមប្រភពពីក្លិប បានឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក Rossi បានចូលមកជំនួសតំណែងលោក Jose Mourinho កាលពីខែមករា ដ្បិតការដឹកនាំរបស់លោកលើក្លិបនេះបានត្រឹមការលេងស្មើ ៣ប្រកួត និងចាញ់ ១លើក។ ក្នុងនោះក្លិបបានធ្លាក់ទៅឈរលេខ១៦ ពីការលេងស្មើជាមួយក្លិប Genoa ១-១ កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យក្លិបបានសម្រេចក្នុងការបញ្ឈប់តួនាទីរបស់លោកនាពេលនេះ ។
រំលឹកផងថា អតីតកីឡាករឆ្នើមរបស់ក្លិប Roma រូបនេះ នៅអំឡុងស្ថិតក្រោមការដឹកនាំរបស់លោក Rossi រកបានលទ្ធផលឈ្នះ ១៤ប្រកួត ពីការលេង ៣០ប្រកួតសរុបនៅគ្រប់កម្មវិធី ដែលមានអត្រាឈ្នះតែ ៤៦.៦៧ភាគរយប៉ុណ្ណោះ ។
ខណៈលោក Ivan Juric នឹងក្លិប Roma បានសម្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ ជាគ្រូបង្វឹកធ្លាប់មានបទពិសោធដឹកនាំក្រុម Torino ឈ្នះ ៤៤ប្រកួតពីការលេង ១២២ប្រកួត ៕