(អារ៉ាប៊ីសាអូឌីត)៖ ក្លិប Al-Nassr មានការជ្រើសយកលោក Stefano Pioli មកធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោក Luis Castro កាលពីថ្ងៃពុធ, នេះបើតាមប្រភពពីក្លិបបានឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក Stefano Pioli ក៏បានបង្ហាញខ្លួនជាផ្លូវការក្នុងឈរបង្វឹកកូនក្រុមនៅក្លិបដែលមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅទីនោះ, ដែលក៏ជាការចាប់ផ្តើមបន្តការងារគ្រូបង្វឹកជាថ្មីរបស់លោកកក្នុងវ័យ ៥៨ឆ្នាំ បន្ទាប់លោកបានទំនេរចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ ពីការចាកចេញពីក្លិប AC Milan ។
ក្លិប Al-Nassr បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលមានភាពខ្សោយ ខណៈក្លិបស្ថិតក្នុងលីគភាគីអារ៉ាប៊ីសាអូឌីត ក៏មិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងរបស់ Pioli នោះទេ។
រំលឹកផងថា ការងារគ្រូបង្វឹកស្ថិតក្នុងតំបន់អឺរ៉ុប លោក Pioli ធ្លាប់ដឹកនាំក្រុម AC Milan ឈ្នះពានលីគ Seria A 2021-22 ជាមួយលទ្ធផលដឹកនាំក្រុមនេះឈ្នះ ១៣០លើកចំណោម ២៤០ប្រកួត ខណៈការចាប់ផ្តើមបាន ៣ប្រកួតរបស់ក្លិប Al-Nassr រកបានតែ ៥ពិន្ទុ ឈរលេខរៀងទី៧ បណ្តោះអាសសន្ន ហើយខ្សែប្រយុទ្ធ Ronaldo ទើបរកបាន ២គ្រាប់ផងដែរ ។
ហើយប្រកួតទី៤ លោក Pioli នឹងដឹកនាំក្រុម Al-Nassr ធ្វើដំណើរទៅជួបជាមួយ Al-Ettifaq ដែលស្ថិតក្រោមការដឹកនាំដោយអតីតតារាងឆ្នើម Liverpool លោក Steven Gerrard នៅថ្ងៃសុក្រ សប្តាហ៍នេះ កំពុងឈរលេខ៣ រកបាន ៩ពិន្ទុ ដែលជាក្រុមមិនទាន់លេងចាញ់ដូចគ្នា ៕