(បរទេស)៖ សមាជិកសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានកោះហៅនាយកប្រតិបត្តិបច្ចេកវិទ្យាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដើម្បីសាកសួរ អំពីការត្រៀមលក្ខណៈរបស់ពួកគេ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងព័ត៌មានមិនពិតនានា ជាពិសេសការជ្រាតជ្រែកពីបរទេស មុនពេលនិងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា។ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា បានកំណត់រយៈពេល៤៨ម៉ោង អំឡុងថ្ងៃបោះឆ្នោតថា ជាពេលវេលាដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយដោយាសរព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា «ថ្ងៃនេះយើងនៅឆ្ងាយពីការបោះឆ្នោត ៤៨ថ្ងៃ... ខ្ញុំគិតថា ៤៨ម៉ោង មុនការបោះឆ្នោត ជាពេលវេលាដែលគ្រោះថ្នាក់បំផុត»។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Mark Warner បានសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ លោក Brad Smith ប៉ុន្តែបាននិយាយថា ៤៨ម៉ោងបន្ទាប់ ពីការបោះឆ្នោតបិទបញ្ចប់នៅថ្ងៃទី៥ ខែវិច្ឆិកា ក៏អាចជាពេលវេលាដែលត្រូវប្រុងប្រយ័ត្នបំផុតដែរ។
ក្រៅពីប្រធានក្រុមហ៊ុន Mrcrosoft ក៏មានប្រធានផ្នែកគោលនយោបាយពីក្រុមហ៊ុន Google, Meta ម្ចាស់ Facebook, Instagram និង WhatsApp ឡើងផ្តល់សក្ខីកម្មផងដែរ លើកលែងតែលោក Elon Musk ម្ចាស់បណ្តាញសង្គម X មិនចូលរួម បើទោះបីជាលោកត្រូវបានអញ្ជើញក៏ដោយ។ មូលហេតុដែលមិនចូលរួម ត្រូវបានអ្នកនាំពាក្យ X បាននិយាយថា ហេតុផលគឺដោយសារតែអ្នកដែលត្រូវបានអញ្ជើញ គឺលោក Nick Pickles បានលាលែងពីតំណែងកាលពីដើមខែនេះទៅហើយ។ ងាកមក TikTok មិនត្រូវបានអញ្ជើញឱ្យចូលរួមទេ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន។
អ្វីដែលគេព្រួយបារម្ភអំឡុងពេលបោះឆ្នោតនោះគឺ ការបង្ហោះសារសំឡែង ឬវីដេអូក្លែងក្លាយ ហើយជុំវិញក្តីបារម្ភនេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានទទួលយកភ្លាមៗ ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តថ្មី ដែលអាចបង្កើតរូបភាព អូឌីយ៉ូ និងវីដេអូដែលមើលទៅក្លែងក្លាយ ប៉ុន្តែមានលក្ខណៈជាក់ស្តែង ងាយស្រួលក្នុងការផលិត។ នៅពេលសួរថា តើក្រុមហ៊ុននឹងមានប្រតិកម្មយ៉ាងណាប្រសិនបើការក្លែងបន្លំយ៉ាងស៉ីជម្រៅលើបេក្ខជននយោបាយបែបនេះ នឹងលេចឡើងភ្លាមៗមុនពេលការបោះឆ្នោតនោះ។ ប្រធានផ្នែកកិច្ចការសកលរបស់ Microsoft លោក Smith និង តំណាងក្រុមហហ៊ុន Meta លោក Nick Clegg បាននិយាយថា ក្រុមហ៊ុននឹងដាក់ស្លាកសម្គាល់លើខ្លឹមសារនោះ។ Clegg បាននិយាយថា Meta ក៏មានសក្តានុពលអាចរារាំងចរាចររបស់ខ្លឹមសារក្លែងក្លាយបានដែរ៕