(ឡុងដ៏)៖ អ្នកចាត់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយកាលពីថ្ងៃពុធថា ខ្សែបម្រើឆ្នើមរបស់ក្លិប Martin Odegaard នឹងត្រូវអវត្តមានមួយរយៈ បន្ទាប់ពីបានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរ នៅអំឡុងពេលលេងឱ្យជម្រើសជាតិន័រវេស កាលពីសប្តាហ៍មុន។
ខ្សែបម្រើមានវ័យ ២៥ឆ្នាំ Odegaard បានជួបបញ្ហារបួសកជើងយ៉ាងខ្លាំងនេះ បន្ទាប់ពីបានចូលរួមជាមួយជម្រើសជាតិន័រវេល ក្នុងជំនួបលេងចាញ់ក្រុមអូទ្រីស នៅទីក្រុង Oslo កាលពីថ្ងៃទី៩ ខែកញ្ញា ខណៈការវិលត្រលមកកាន់ក្លិបវិញជាមួយការប្រើប្រាស់ឈើច្រត់ ។
សូមជម្រាបថា ក្នុងរដូវកាលថ្មីនេះ ក្នុងនាមជាប្រធានក្រុម ខ្សែបម្រើ Martin Odegaard ទើបលេងបាន ៣ប្រកួតជាមួយក្លិបអាជីព Arsenal ហើយនៅក្រុមជម្រើសជាតិន័រវេល ក្នុងឆ្នាំ២០២៤ នេះ ក៏លេងបាន ៦ប្រកួត ហើយរបួសនេះបានកើតជាបញ្ហាធំមួយសម្រាប់ក្លិប និងជម្រើសជាតិផងដែរ ដ្បិតមិនទាន់អាចបញ្ជាក់ពីពេលវេលានៃការព្យាបាល និងការជាសះស្បើយក្នុងរយៈពេលប៉ុន្មាននោះទេ ៕