(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការងារនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានជំរុញឲ្យសិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមធ្យម ចូលរួមអភិវឌ្ឍន៍ និងផលិតនូវធនធានយុវជនឲ្យបានច្រើន សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩។
ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃពុធ ក្រោយដំណើរការសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
ប្រធានសហព័ន្ធខាងលើ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង និងរៀបចំវគ្គដ៏មានរសារៈសំខាន់នេះ ពិសេសការចូលរួម និងខិតខំសិក្សាក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសរបស់សិក្ខាកាមទាំងអស់។ លោកស្រីរំពឹងថា ក្រោយបញ្ចប់វគ្គនេះ គ្រូបង្វឹកទាំងអស់ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡារាំកម្ពុជា ពិសេសការបណ្ដុះបណ្ដាលនូវធនធានយុវជនបន្ដវេនតែម្ដង។
ចំពោះសិក្ខាកាមជាកីឡាករ-កីឡាការិនីវិញ ក៏ជាឱកាសទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែម ដើម្បីសម្រួចដល់ការហ្វឹកហាត់បច្ចេកទេសផង ហើយក៏ជាដើមទុនសម្រាប់ប្រើប្រាស់ក្រោយចូលនិវត្តន៍ពីអាជីព ទៅធ្វើជាគ្រូបង្វឹក ក្នុងការបង្ហាត់បង្រៀនដល់សិស្សប្អូន ឬយុវជនជំនាន់ក្រោយឲ្យកាន់តែសម្បូរបែប សម្រាប់ត្រៀមប្រកួតប្រជែងលើឆាកជាតិ និងអន្ដរជាតិផងដែរ ពិសេសកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ លោកស្រី ញ៉ែម មរកត បន្ថែម។
សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម រយៈពេល ៦ថ្ងៃកន្លងមក ដែលបង្រៀនដោយគ្រូឧទ្ទេសជាតិ និងអន្ដរជាតិ ៤រូប រួមមានលោកស្រី ហង់ ស៊ីមន, លោក ស៊ូវ តុង, លោក អៀង សំអាត និងកញ្ញា You Shu Jie ជាលទ្ធផលក្នុងចំណោមសិក្ខាកាមចូលរួមទាំង ២៥នាក់ មានសិក្ខាកាមទទួលនិទ្ទេសល្អបង្គួរ ចំនួន ២០% និងនិទ្ទេសមធ្យមចំនួន ៨០%៕