(បរទេស)៖ ថ្មីៗនេះ YouTube បានប្រកាសបង្ហាញពីការរួមបញ្ចូលមុខងារ AI ថ្មីពី Google DeepMind ក្នុងគោលបំណងបង្កើនជំនួយសម្រាប់ Content Creator ដែលផលិតមាតិការបង្ហោះនៅលើ Short ឬទម្រង់វីដេអូខ្លីៗ។ ប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍ «Made on YouTube» នៅទីក្រុងញូវយ៉កនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា មុខងារបញ្ញាសិប្បនិម្មិត AI ថ្មីនេះមានឈ្មោះថា «Veo» ដែលនឹងអនុញ្ញាតឱ្យបង្កើតផ្ទៃខាងក្រោយ (Backgroud) តាមរយៈ AI-generated នៅក្នុងទម្រង់វីដេអូ Short។ មិនត្រឹមតែអ្នកប៉ុណ្ណោះអ្នកផលិតមាតិការលើ YouTube ក្នុងទម្រង់ Short នេះថែមទាំងអាចបញ្ចូលអក្សររត់នៅក្នុងវីដេអូ និងអាចដំណើរការវីដេអូបានរយៈពេល ៦វិនាទីក្នុងមួយឃ្លីបវីដេអូ។ អ្វីដែលកាន់តែពិសេសនោះ AI ថ្មីនេះនិងចេញមកជាមួយនឹងមុខងារផ្តល់គំនិតដល់ Content Creator ក្នុងការផលិតវីដេអូថែមទៀតផង។
នាយកប្រតិបត្តិ (CEO) YouTube លោក Neal Mohan បាននិយាយថា លោកសង្ឃឹមថា Veo នឹងអនុញ្ញាតឱ្យអ្នកផលិតមាតិការអាចផលិតវីដេអូបានកាន់តែច្រើនបន្ថែមទៀត ដោយមានជំនួយពី AI។ លោក Mohan បាននិយាយនៅក្នុងព្រឹត្តិការណ៍ Made on YouTube នោះថា «អ្វីៗគ្រប់យ៉ាងដែលយើងបានបង្ហាញជាមួយ AI គឺចង់ពង្រឹងការងារដែលអ្នកធ្វើ, ធ្វើឱ្យកាន់តែលឿន, មានប្រសិទ្ធិភាពជាងមុន ដើម្បីនាំយកគំនិតច្នៃឱ្យបានលឿនមុនគេ»។
គួរជម្រាបថា មុខងារ AI ថ្មីនេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះសម្រាប់អ្នកដែលបំណងចង់ក្លាយជាអ្នកផលិតមាតិការរកចំណូលនៅលើ YouTube អាចងាកមកសាកល្បងមុខងារថ្មីនេះ ខណៈវានឹងកាន់តែផ្តល់ភាពងាយស្រួលដោយមិនចាំបាច់ចំណាយពេលឌីហ្សាញដោយខ្លួនឯង ឬរកគំនិតនៅក្នុងការផលិតវីដេអូយូរដូចមុន៕