(ភ្នំពេញ)៖ ទោះបីជាខែនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំពិតមែន ដោយអ្នកសិល្បៈជាច្រើនបានរយាលពីការងាររបស់ខ្លួន ប៉ុន្តែហាងឆេងសិល្បៈរបស់អតីត «Miss Grand Cambodia 2023» កញ្ញាឯកសម្បុរទឹកឃ្មុំ កុយ អេនណា នៅតែឡើងស្រឺតៗ ក្ដោបបានតំណែងទូតសុឆន្ទៈថ្មីបន្ថែមទៀតជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ កុយ អេណា បានទទួលតំណែងជាទូតសុឆន្ទៈម៉ាកយីហោទឹកអប់ Classy
ជាអ្វីដែលមហាជនអ្នកគាំទ្ររបស់កញ្ញា កុយ អេនណា សម្ដែងការភ្ញាក់ផ្អើល និងចូលរួមត្រេកអរចំពោះការទទួលបានឱកាសការងារថ្មីនៅពេលនេះ។
ក្នុងសន្និសីទសារព័ត៌មាន និងការចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងជាទូតសុឆន្ទៈនេះ កញ្ញា កុយ អេនណា បានបង្ហាញក្តីរំភើបរីករាយ ដែលម្ចាស់ប្រេនក្លាសស៊ី គឺអ្នកនាង ម៉យ៍ ជាអគ្គនាយិកា និងលោក តូណូ ជា CEO ក្រុមហ៊ុនតូណូប្រេន អិននើវេសិន ខូអិលធីឌី (Tono Brand Innovation) បានពេញចិត្តចំពោះសមិទ្ធផលការងាររបស់នាងនាពេលកន្លងមក ហើយសម្រេចជ្រើសរើសរូបនាងធ្វើជា Presenter ដំបូងរបស់ទឹកអប់ក្លាសស៊ី។
កញ្ញា កុយ អេណា បានថ្លែងថា រូបនាងពិតជាសប្បាយរីករាយជាខ្លាំង ដែលទទួលបានការទុកចិត្តពីសំណាក់អ្នកនាង ម៉យ៍ ជាអគ្គនាយិកា និងលោក តូណូ ជា CEO ក្រុមហ៊ុន ដែលបានជ្រើសរើសនាងឲ្យធ្វើជាអ្នកតំណាងផលិតផល ឬជា Presenter ដំបូងរបស់ទឹកអប់ក្លាសស៊ី។ នាងសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងនាឲ្យទទួលបាននូវជោគជ័យទាំងអស់គ្នា ឲ្យសមទៅនឹងការផ្ដល់ទំនុកចិត្តដ៏ធំធេងមួយនេះដល់រូបនាង។
អ្នកជំនួញថៃវ័យក្មេង អ្នកនាង ម៉យ៍ ដែលជាអគ្គនាយិកា ក្រុមហ៊ុនតូណូប្រេន អិននើវេសិន ខូអិលធីឌី បានថ្លែងកោតសរសើរដល់កញ្ញា អេនណា ដែលជាបវរកញ្ញាម្នាក់មានការតាំងចិត្តធ្វើការខ្ពស់ អស់ពីសមត្ថភាព ដើម្បីលើកស្ទួយម៉ាកយីហោរបស់ក្រុមហ៊ុន ហើយបំពេញការងារបានយ៉ាងល្អ ជាហេតុធ្វើឱ្យអ្នកនាងជាប់ចិត្តជាប់ថ្លើម ហើយកាន់តែរីករាយដែលបានរួមការងារជាថ្មីម្ដងទៀត ជាមួយនឹងរូបនាង។
អ្នកនាង ម៉េយ៍ និយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបានអេនណា មកធ្វើជាទូតសុឆន្ទៈ។ ខ្ញុំស្រលាញ់អេនណា ខ្លាំងៗ ព្រោះខ្ញុំក៏ជាអ្នកគាំទ្រម្នាក់របស់ អេនណា ផងដែ..! របៀបនៃការធ្វើការ ការខិតខំប្រឹងប្រែង ជារួមគឺខ្ញុំស្រលាញ់គ្រប់យ៉ាងដែលជាអេនណា»។
ចំណែកម្ចាស់ប្រេនលោក តូណូ ឯណេះវិញ ក៏បានបង្ហាញពីគម្រោងការធ្វើទីផ្សារឱ្យកាន់តែធំ និងទូលំទូលាយជាងមុន ស្របពេលដែលប្រេនទឹកអប់មួយនេះ កំពុងវាយលុកលក់ដាច់ខ្លាំង ហើយ Tono Brand
ក៏នឹងត្រៀមចេញផលិតផលថ្មីជាប្រេងលាបស្បែក នាពេលឆាប់ៗខាងមុខនេះទៀតផង។ នេះជាភាគជោគជ័យថ្មីមួយទៀតសម្រាប់បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា ដែលនៅតែឆក់បានឱកាសធំៗ និងការងារផ្សេងៗទៀតជាហូរហែ បើទោះបីជាស្ថិតក្នុងអំឡុងពេលរដូវវស្សាក៏មែនពិត។
ងាកមកការងារប្រកួតប្រជែងសម្រស់វិញ កញ្ញា កុយ អេណា បានបង្ហាញឲ្យដឹងថា នាងចង់យកពេលវេលា ដើម្បីមកពង្រឹងការងារសិល្បៈវិញ ដោយបានសម្រេចចិត្តពន្យារពេលចូលរួមប្រកួតបវរកញ្ញាសិន។ នាងជឿជាក់ថា ការប្រឡូកការងារសិល្បៈ ជួយឱ្យមានបទពិសោធន៍ច្រើនទុក ជាទុនសម្រាប់ការត្រឡប់មកប្រកួតនាពេលខាងមុខ។
ចំណុចនេះ អាចនិយាយបានថា ជាដំណឹងគួរឱ្យសោកស្តាយសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ជាពិសេសហ្វេនៗដែលចង់ឃើញបវរកញ្ញារាងខ្ពស់ស្រឡះ កុយ អេនណា ត្រឡប់មកអង្រួនឆាកបវរកញ្ញាម្តងទៀត។ ប៉ុន្តែពេលនេះ អេនណា បានបញ្ជាក់សារជាថ្មីថា នាងសូមពន្យារពេលត្រឡប់មកប្រកួតបវរកញ្ញាសិន ដើម្បីយកពេលមកពង្រឹងការងារសិល្បៈផ្សេងៗ ដែលសម្រុកមករកនាងដូចទឹកបាក់ទំនប់។ ម្ចាស់ជយលាភី «1st Runner up Miss Grand Cambodia 2023» រូបនេះ បានបន្តឲ្យដឹងថា ការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយ តែនាងចង់ឱ្យហ្វេនៗបើកចិត្តឲ្យទូលាយ ហើយទទួលយកការសម្រេចចិត្តនេះ។ នាងជឿជាក់ថា ការចំណាយពេលធ្វើការ ជាការបើកឱកាសឱ្យខ្លួនឯង ក្រេបជញ្ជក់យកបទពិសោធន៍ថ្មីៗពីមនុស្សជុំវិញខ្លួន ពិសេសបទពិសោធន៍ការធ្វើការជាក្រុម ដែលនឹងជះផលវិជ្ជមានលើការប្រកួតបវរកញ្ញានាពេលអនាគត។
សូមបញ្ជាក់ថា ក្រៅពីការងារសិល្បៈដ៏មមាញឹក កញ្ញា កុយ អេនណា ក៏បានឆ្លៀតពេលចូលរួមការងារសង្គម និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា តាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ តាមរយៈការងារថ្មីៗដែលនាងទទួលបានក្រោយចប់កុងត្រា ជាមួយស្ថាប័ន Miss Grand Cambodia ធ្វើឱ្យនាងមានលទ្ធភាពចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍សំខាន់ៗជាច្រើន របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឲ្យបានស្គាល់ផងដែរ៕