(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បានធ្វើដំណើរទៅកាន់ចិនតៃប៉ិ ក្នុងការត្រៀមចូលរួមពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ ក្នុងវគ្គជម្រុះ (AFC U20 Asian Cup China PR 2025™ Qualifiers) ដែលស្ថិតក្នុងពូល B នៅចិនតៃប៉ិ។ នេះបើតាមប្រភពពី FFC បានឱ្យដឹងនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

រំលឹកផងថា សម្រាប់ការលេងវគ្គជម្រុះនេះ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ កម្ពុជា គឺស្ថិតក្រោមការដឹកនាំដោយលោក Gyotoku Koji ស្ថិតនៅពូល B ជាមួយក្រុមអ៊ូសបេគីស្ថាន, ប៉ារ៉ែន, នេប៉ាល់, និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដើម្បីធ្វើការប្រកួតប្រជែងស្វែងរកក្រុមខ្លាំងឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC U-20 Asian Cup 2025 ។

ការប្រកួតបើកឆាកពូល B ក្នុងការស្វែករក ៣ពិន្ទុដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺប៉ះក្រុមនេប៉ាល មុនប្រកួតទី២ ប៉ះក្រមអ៊ូសបេគីស្ថាន, ទី៣ ប៉ះក្រុមប៉ារ៉ែន និងចុងក្រោយជួបក្រុមម្ចាស់ឆាយនីសតៃប៉ិ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ដ្បិតលក្ខខណ្ឌក្នុងវគ្គនេះត្រូវការតែ ១ក្រុមមានពិន្ទុខ្ពស់ជាងគេឈានទៅវគ្គ Final Tournament ដោយស្វ័យប្រវត្តិ ខណៈក្រុមឈរលេខ២ ក្នុងពូលទាំង១០ គឺជ្រើសយកក្រុមឈរលេខ២ មានពិន្ទុខ្ពស់ជាងគេចំនួន ៥ក្រុមយកទៅបង្គ្រប់វគ្គ ១៦ក្រុមជាបន្ត៕