(អាមេរិក)៖ ក្រុមប្រឹក្សាទីក្រុង Frisco ក្នុងរដ្ឋ Texas បានអនុម័តលើទឹកប្រាក់ចំនួន ១៨២លានដុល្លារ ដើម្បីធ្វើការជួសជុលកែលម្អបន្ថែមចំពោះកីឡដ្ឋាន Toyota Stadium របស់ក្លិប FC Dallas ចាប់ពីឆ្នាំ២០២៥ តទៅ, នេះបើតាមក្លិបបានប្រកាសនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមរបាយការណ៍ សម្រាប់ការជួសជុលកីឡដ្ឋាន Toyota Stadium នឹងបន្ថែមនៅបទពិសោធន៍ថ្មី ទៅកាន់អ្នកគាំទ្រ ដោយមានការរួមបញ្ចូលលើការរចនាប្រកបដោយភាពច្នៃប្រឌិត លើបច្ចេកវិទ្យារូបភាព សំឡេងដ៏ទំនើប និងគ្រឿងបរិក្ខារសម្រាប់អ្នកគាំទ្រជាច្រើនទៀត ក្នុងទីលានបាល់ទាត់ដែលចាប់ទុកថាចំណាស់ជាងគេទី៣ របស់ក្របខណ្ឌលីគ Major League Soccer ។
កីឡាដ្ឋាននេះមានតម្លៃប្រហែល ៨០លានដុល្លារ បានបើកដំណើរការនៅឆ្នាំ២០០៥ មានកៅអីអង្គុយ ២០,៥០០កន្លែង ត្រៀមរៀបចំឡើងវិញ ចំពោះការធ្វើឱ្យប្រសើរឡើងនៅផ្នែកដំបូលឱ្យភាពរឹងមាំ ដើម្បីផ្តល់ម្លប់ដល់អ្នកគាំទ្រភាគច្រើននៅកន្លែងអង្គុយ នឹងការពង្រីកកន្លែងអង្គុយ ជាមួយការកែលម្អនៅច្រកចូល និងច្រកចេញ រួមទីតាំងបន្ទប់ទឹក នឹងកន្លែងផ្សេងៗមួយចំនួន ។
សម្រាប់ការសាងសង់ នឹងត្រូវអនុវត្តធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមពីផ្នែកខាងកើតនៃកីឡដ្ឋាន គ្រោងនឹងចាប់ផ្តើមធ្វើការងារនេះបន្ទាប់ពីការប្រកួត FCS Championship នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ ។
ហើយផ្នែកខាងលិចនៃកីឡដ្ឋាន នៅតែដំណើរការក្នុងរដូវកាលលីគ MLS ឆ្នាំ២០២៥ ខណៈក្លិប FC Dallas ក៏គ្រោងបន្តរៀបចំការប្រកួតនៅ Toyota Stadium នេះ ក្នុងអំឡុងពេលធ្វើការជួសជុលដែលមានរយៈពេលដល់ឆ្នាំ២០២៨ ក្នុងការបញ្ចប់ការងារនេះ តែដ្បិតស្ថិតក្នុងរដ្ឋ Texaz កីឡដ្ឋាននេះមិនបានជាប់ជម្រើសក្នុងទទួលរៀបចំ World Cup 2026 នោះទេ ៕