(បរទេស)៖ ម្ចាស់ស្រោមដៃមាស Golden Glove ក្នុងលីគ Premier League រដូវកាលមុន David Raya បានសង្រ្គោះបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ដ៏អស្ចារ្យជួយកាំភ្លើងធំ Arsenal លេងស្មើម្ចាស់ផ្ទះ Atalanta ០-០ នាយប់មិញក្នុង UEFA Champions League 2024-2025។

តាមរយៈការចេញផ្សាយដោយ BBC បានឱ្យដឹងថា នេះជាការប្រកួតដែលពុំអាចបំភ្លេចបាននៅទីក្រុង Bergamo ប្រទេសអ៊ីតាលី នៅពេលកីឡាករចាំទីអន្តរជាតិអេស្ប៉ាញ Raya បានការពារសំណាញ់ទីដល់ទៅ ២លើក ពីការព្យាយាមរបស់ក្រុមម្ចាស់ផ្ទះ Atalanta។

ក្នុងការលេង ៩០នាទីនៅទឹកដីក្រៅផ្ទះនេះដែរ ក្រុមរបស់លោក Mikel Arteta ដែលជាក្រុមរងជើងឯក Premier League រដូវកាលមុនផងនោះ មានឱកាសស៊ុតតែ ២លើកប៉ុណ្ណោះចំគោលដៅ ដែលទាត់ដោយ Bukayo Saka បាល់ free kick និង Thomas Partey ដ្បិតអ្នកចាំទី Marco Carnesecchi ដែលរួមចំណែកជួយ Atalanta ដណ្តើមបានជើងឯក UEFA Europa League រដូវកាលមុនផងនោះ ជួយសង្រ្គោះបានទាំងអស់។

បន្ទាប់ពីជួប Atalanta កាំភ្លើងធំ Arsenal ត្រូវបន្តជួបក្រុមខ្លាំង Tottenham Hotspur នៅទឹកដី Emirates និងប៉ះក្រុមការពារតំណែងជើងឯក Manchester City ប្រកួតបន្ទាប់ក្នុងលីគទៀតដែរ៕