(ម៉ូណាកូ)៖ ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា George Ilenikhena វ័យទើបតែ ១៨ឆ្នាំ ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ របស់ AS Monaco ទៅលើក្រុមខ្លាំង FC Barcelona នៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុប UEFA Champions League 2024-2025 របស់ពួកគេ។
តាមរយៈការចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យក្មេងដែលត្រូវបានចូលលេងក្នុងនាមកីឡាករបម្រុងផងនោះ បានស៊ុតបាល់ពីចម្ងាយចូលទីបានសម្រេចនៅនាទី៧១ នៅពេលកីឡាករចាំទី Marc-Andre ter Stegen របស់ក្រុមភ្ញៀវពុំអាចជួយសង្រ្គោះបានឡើយ បន្ទាប់ពី Eric Garcia ត្រូវបានពិន័យកាតក្រហមតាំងពីលេងបាន ១០នាទីប៉ុណ្ណោះ សម្រាប់ក្រុមរបស់លោក Hansi Flick ដែលកំពុងកាន់កាប់កំណត់ត្រាលេង ៥ប្រកួតក្នុងលីគមិនទាន់ចាញ់។
នៅពេលលេងតែសមាជិក ១០នាក់ចាប់ពីនាទីទី១០ មក ម្ចាស់ផ្ទះ Monaco ក៏បានបើកការនាំមុខ ១គ្រាប់មុន ក្នុង ៦នាទីបន្ទាប់ ដែលធ្វើបានដោយកីឡាករ Maghnes Akliouche មុនពេល Lamine Yamal រកបានគ្រាប់តាមស្មើវិញ មុនពេលបញ្ចប់វគ្គទី១។
ការប្រកួតក្នុងវគ្គទី២ បានបន្តរហូតដល់នាទី៥៩ ទើបកីឡាករ Ilenikhena ត្រូវបានដាក់ឱ្យចូលលេងលើកដំបូងផងដែរ ក្រោយ Monaco ទិញពីក្លិប Royal Antwerp រកបានគ្រាប់ជ័យជម្នះតែម្តង ក្រោយពេលលេងបាន ១២នាទី បានក្លាយជាកីឡាករវ័យក្មេងរបស់ Monaco ដែលរកបានគ្រាប់បាល់នៅ UCL ស្ថិតក្នុងវ័យ ១៨ឆ្នាំ និង ៣៤ថ្ងៃ បំបែកកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធ Kylain Mbappe ដែលធ្លាប់ធ្វើបានជាមួយ Monaco ស្ថិតក្នុងវ័យ ១៨ឆ្នាំ និង ៦៣ថ្ងៃនាឆ្នាំ២០១៧៕