(ភ្នំពេញ)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានធ្វើបច្ចុប្បន្នភាព (updated) ទៅលើក្រុមបាល់ទាត់ជម្រើសជាតិនានា ទាំងផ្នែកបុរស និងនារី ប្រចាំខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការលេងជម្រុះ World Cup 2026 មិត្តភាពរួចមក ដោយក្នុងនោះដែរ ពុំមានអ្វីប្រែប្រួលច្រើននោះទេ សម្រាប់ក្រុមកម្ពុជាទាំងផ្នែកបុរស និងនារី។
ដោយផ្នែកតាមរយៈព័ត៌មានដែលបង្ហោះនៅលើគេហទំព័រស្ថាប័នកំពូលខាងលើនេះបានឱ្យដឹងថា អាហ្សង់ទីន ដែលជាជើងឯក World Cup ចុងក្រោយគេកាលឆ្នាំ២០២២ បន្តឈរទីកំពូលតារាងដដែល គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ តាមពីក្រោយដោយមាន់គកបារាំង ដែលពួកគេបានយកឈ្នះដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាល ២ឆ្នាំមុននៅប្រទេសកាតា ដ្បិតអេស្ប៉ាញ ឡើងមកឈរលេខ៣ វិញ ក្នុងនាមជាក្រុមដែលទើបឈ្នះជើងឯកពានប្រចាំតំបន់អឹរ៉ុប UEFA Euro 2024។
ចំណែកឯ ៧ក្រុមផ្សេងទៀតដែលស្ថិតក្នុង Top 10 រួមមាន អង់គ្លេស ប្រេស៊ីល ប៊ែលហ្សិក ហូឡង់ ព័រទុយហ្គាល់ កូឡុំប៊ី និងអ៊ីតាលី សុទ្ធតែជាក្រុមដែលស្ថិតនៅទ្វីបអឺរ៉ុប និងអាមេរិកឡាទីន។
ជាមួយគ្នានោះផងដែរ ក្រុមបាល់ទាត់គោព្រៃកម្ពុជា ក៏បន្តឈរនៅលេខរៀងទី ១៨០ដដែល ពីលើប្រ៊ុយណេ ប៊ូតាន់ បង់ក្លាដែស ឡាវ ទីម័រខាងកើត ម៉ុងហ្គោលី ប៉ាគីស្ថាន និងស្រីលង្កា ក្នុងចំណោមសមាជិក ២១០ប្រទេសដែលជាសមាជិករបស់ FIFA បច្ចុប្បន្ននេះ។
ចំណែកឯក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាវិញ គឺស្ថិតនៅចំណាត់ថ្នាក់លេខ១១៩ ក្នុងចំណោមសមាជិកសរុបមានតែ ១៩៤ប្រទេសដែលជាសមាជិករបស់ FIFA ដ្បិតស្រ្តីអាមេរិក ឈរលេខ១ អង់គ្លេសលេខ២ អេស្ប៉ាញលេខ៣ និងបន្តបន្ទាប់រួមមាន នារីអាល្លឺម៉ង់ ស៊ុយអែត កាណាដា ជប៉ុន និងប្រេស៊ីល៕