(បរទេស)៖ ស្ថាប័នប្រឹក្សាពីបញ្ញាសិប្បនិម្មិត ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលជាការបញ្ចេញអនុសាសន៍ប្រមាណប្រាំពីរចំណុច ដើម្បីដោះស្រាយហានិភ័យ ដែលទាក់ទងនឹងការប្រើប្រាស់ AI។ ទោះបីអនុសាសន៍នោះ មិនបានបញ្ចេញជាសាធារណៈក្តី តែវានឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងក្នុងខែកញ្ញា។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានបង្កើតស្ថាប័នប្រឹក្សាមួយ ដែលមានសមាជិកចំនួន៣៩ប្រទេស ដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធអភិបាលកិច្ចអន្តរជាតិនៃបច្ចេកវិទ្យា AI។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រដោយមិនលំអៀង និងគួរឱ្យទុកចិត្តអំពីបច្ចេកវិទ្យា AI និងដោះស្រាយព័ត៌មានដែលគ្មានតម្លាភាពរវាងមន្ទីរពិសោធន៍ AI និងពិភពលោក។ ចាប់តាំងពីក្រុមហ៊ុន OpenAI ដែលគាំទ្រដោយ Microsoft បញ្ចេញមុខងារ AI តាមរយៈកម្មវិធី ChatGPT ក្នុងឆ្នាំ ២០២២ មក ការប្រើប្រាស់ AI បានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កើនការព្រួយបារម្ភជាខ្លាំង ពីការរាលដាលព័ត៌មានមិនពិត និងការរំលោភលើឯកជនភាព។ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបង្កើតច្បាប់ ដើម្បីគ្រប់គ្រងការរីករាលដាលនៃឧបករណ៍ AI ។ សហភាពអ៊ឺរ៉ុបបាននាំមុខគេ លើច្បាប់ AI បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត។
UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការអភិវឌ្ឍន៍ AI ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនពហុជាតិមួយចំនួន វាមានហានិភ័យណាស់ដែលបច្ចេកវិទ្យានេះ អាចជះផលអាក្រក់ដល់មនុស្ស។ UN ក៏បានផ្តល់អនុសាសន៍ផងដែរ នូវការសន្ទនាពីគោលនយោបាយថ្មី ស្តីពីអភិបាលកិច្ច AI , បង្កើតការផ្លាស់ប្តូរស្តង់ដារ AI និងបណ្តាញអភិវឌ្ឍន៍សមត្ថភាព AI សកល ដើម្បីបង្កើនសមត្ថភាពអភិបាលកិច្ច។ ក្នុងចំណោមសំណើផ្សេងទៀត អង្គការសហប្រជាជាតិ ចង់ឱ្យបង្កើតមូលនិធិ AI សកល ដែលនឹងដោះស្រាយគម្លាតសមត្ថភាព និងកិច្ចសហការ។ UN ក៏គាំទ្រការបង្កើតក្របខ័ណ្ឌទិន្នន័យ AI សកល ដើម្បីធានាសុវត្ថិភាពផងដែរ៕