(អឺរ៉ុប)៖ ខ្សែប្រយុទ្ធ Anthony Martial នៅពេលនេះរកបានក្លិបថ្មីលេងវិញហើយ ដោយបានព្រមព្រៀងក្នុងការចូលរួមជាមួយក្លិបក្រិក AEK Athens បន្ទាប់ពីចាកចេញពីក្លិបអង់គ្លេស Manchester United កាលពីខែមិថុនា ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្លិបនៃលីគកំពូលក្រិក AEK Athens បានបង្ហាញថា ខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ហើយកិច្ចសន្យានេះមានរយៈពេលរហូតដល់ឆ្នាំ២០២៧ ដែលរូបគេនឹងពាក់អាវលេខ២៦ ប្រចាំក្លិបជើងឯកលីគក្រិក ១៣សម័យកាលនេះ ។
សម្រាប់ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញពីក្លិបនោះទេ ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស បានរាយការណ៍ថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ នឹងរកបាន ២.៥លានផោន ស្មើនឹង (៣.៣២លានដុល្លារ) ក្នុងមួយរដូវកាល ដែលជាបានប្រាក់ចំណូលច្រើនជាងគេប្រចាំក្លិបនេះ ។
រំលឹកផងថា មុនពេលរកបានក្លិបថ្មីនេះ ខ្សែប្រយុទ្ធ Anthony Martial ធ្លាប់បានចំណាយពេលលេងជាមួយក្លិប Man Und រយៈពេល ៩ឆ្នាំ ជាមួយការរកបាន ៩០គ្រាប់ ពីការលេងសរុប ៣១៧ប្រកួត រួមចំណែកជួយក្លិបឈ្នះពាន Europa League, FA Cup និងពាន League Cup ២លើក ។
Anthony Martial ដែលជាម្ចាស់ពាន Golden Boy 2015 ក៏នឹងចាប់ដៃគូជាមួយអតីតកីឡាកររបស់ Spurs គឺខ្សែបម្រើ Erik Lamela នៅក្លិប AEK Athens ដែលកំពូងនាំមុខគេរកបាន ១០ពិន្ទុឈរកំពូលតារាងនៃលីគ Greece Super League រដូវកាលនេះ ៕