(បរទេស)៖ ស្មាតហ្វូនអេក្រង់បត់ ៣តង់របស់ក្រុមហ៊ុនចិន Huawei ឥឡូវនេះចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ ជាមួយនឹងតម្លៃ ២,៨០០ដុល្លារក្នុងមួយគ្រឿង ដែលជាតម្លៃខ្ពស់បំផុត និងច្រើនជាង ២ដងបើធៀបនឹងតម្លៃ iPhone 16 Pro Max។ យ៉ាងណាបើទោះបីជាតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែស្មាតហ្វូនអេក្រង់បត់ ៣តង់ Mate XT នេះហាក់ផ្ទុះការបញ្ជាទិញជាមុនជាខ្លាំង ខណៈរបាយការណ៍ចុះផ្សាយចុងក្រោយ បង្ហាញពីការព្រួយបារម្ភពីអ្នកវិភាគថាអាចនឹងខ្វះខាតសម្រាប់ផ្គត់ផ្គង់ទៅអតិថិជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ នៅក្នុងឆ្នាំនេះក្រុមហ៊ុនចិន Huawei និង ក្រុមហ៊ុនយក្សអាមេរិក Apple បានរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនក្នុងពេលវេលាប្រកៀកប្រកិតគ្នា មិនត្រឹមតែប៉ុណ្ណោះសូម្បីតែថ្ងៃចេញលក់ជាផ្លូវការក៏ក្នុងថ្ងៃតែមួយផងដែរ។ ពោលគឺទាំង Apple និង Huawei បានដាក់លក់ស្មាតហ្វូននៅក្នុងប្រទេសចិនក្នុងថ្ងៃនេះតែម្តង (ថ្ងៃទី២០ ខែកញ្ញា)។
យ៉ាងណារបាយការណ៍នេះ បង្ហាញពីការព្រមានរបស់អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន Isaiah Research អ្នកនាង Lori Chang បានលើកឡើងពីការព្រួយបារម្ភអំពីឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលអាចរារាំងសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការបំពេញការបញ្ជាទិញទាំងនេះ។ តាមការប៉ាន់ប្រមាណនៃការផលិតដំបូងបង្ហាញថា Huawei ប្រហែលជាអាចផលិតបានត្រឹមតែ ៥០០,០០០ គ្រឿងប៉ុណ្ណោះ ដោយសារបញ្ហាជាមួយសមាសធាតុសំខាន់ៗដូចជា បន្ទះអេក្រង់ និងកន្លាក់បត់អេក្រង់ជាដើម។ លោក Will Wong អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា IDC បាននិយាយថា «វានឹងមានបញ្ហាប្រឈមក្នុងការបញ្ជាទិញជាមុនឥឡូវនេះ» មានន័យថា ក្រុមហ៊ុន Huawei នឹងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងដំណាក់ទី១ នោះទេ។
គួរជម្រាបថា ការបញ្ជាទិញជាមុនសម្រាប់ស្មាតហ្វូនអេក្រង់បត់ ៣តង់ របស់ Huawei បានកើនឡើងលើសពី ៦.៥លានគ្រឿងមកទល់ពេលនេះ ដែលស្ទើរតែជាចំនួនទ្វេដងនៃស្មាតហ្វូនអេក្រង់បត់បានធម្មតាប្រហែល ៣.៩លានគ្រឿងដែលបានដឹកជញ្ជូនទូទាំងពិភពលោកក្នុងត្រីមាសទីពីរនៃឆ្នាំនេះ៕