(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានដាក់គោលដៅឆ្លងឲ្យផុតវគ្គជម្រុះ នៃពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U20 Asian Cup 2025) ទោះបីស្ថិតក្នុងពូលជាមួយគូប្រជែង ដែលមានកម្រិតខ្ពស់ជាងខ្លួនក៏ដោយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ លោក Koji បានសម្ដែងក្ដីរីករាយ ក្រោយធ្វើដំណើរទៅដល់ឆាយនីសតៃប៉ិ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកក៏ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដ៏តានតឹងក្នុងពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីនេះផងដែរ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានបោះជំរំហ្វឹកហាត់នៅថៃ រយៈពេល ១០ថ្ងៃកន្លងមក ។

ស្រដៀងនឹងការលើកឡើងមុនចាកចេញពីមាតុភូមិ កាលពីថ្ងៃព្រហស្បតិ៍ បុរសជនជាតិជប៉ុនរូបនេះ បានទទួលស្គាល់ការប្រកួតកម្រិតទ្វីបអាស៊ីនេះ គឺមិនងាយស្រួលនោះទេ ពិសេសការត្រូវប្រឈមជាមួយក្រុមមានកម្រិតខ្ពស់ជាងខ្លួន តែលោកបានប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមជម្រើសជាតិ U20 កម្ពុជាឆ្លងឲ្យផុតវគ្គជម្រុះនេះ ។

លោក Koji បាននិយាយថា «ក្នុងពូលរបស់យើងមាន ៤ក្រុម ហើយក្រុមទាំង ៤ គឺមានចំណាត់ថ្នាក់ FIFA Ranking លើយើងទាំងអស់ ជាក់ស្ដែងអ៊ូសបីគីស្ថាន ពួកគេស្ថិតនៅខ្ទង់លេខ៦០ និងបារ៉ែន ស្ថិតនៅខ្ទង់លេខ ៩០ អ៊ីចឹងមានន័យថា ២ក្រុមនេះជាក្រុមដែលខ្លាំងជាងគេ ដែលយើងពិបាកលេងជាមួយ ប៉ុន្តែគោលដៅរបស់យើងគឺយើងនឹងប្រឹងប្រែងយកជ័យជម្នះឲ្យបាន ទោះបីជាយើងគិតថាវាលំបាកសម្រាប់យើងក៏ដោយ ដើម្បីឆ្លងឲ្យផុតវគ្គជម្រុះនេះ» ។

គួរដឹងថា សម្រាប់វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2025 ក្រុមយុវជន U20 កម្ពុជា ស្ថិតក្នុងពូល B ជាមួយអ៊ូសបេគីស្ថាន នេប៉ាល់ បារ៉ែន និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ។ ចំពោះកម្មវិធីប្រកួត កម្ពុជា នឹងត្រូវជួបនេប៉ាល់មុនគេ នាថ្ងៃទី២១-កញ្ញា មុនជួបអ៊ូសបេគីស្ថាន នាថ្ងៃទី២៣-កញ្ញា និងជួបបារ៉ែន នាថ្ងៃទី២៧-កញ្ញា ខណៈចុងក្រោយ គឺក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះ U20 ឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គបន្ដ ៕