(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំសិល្បករ-សិល្បការិនីចូលរួមក្នុងកម្មវិធី «មហោស្រពអាហារមេគង្គ» អបអរដល់ទេពកោសល្យជំនាញធ្វើម្ហូបនៅតំបន់មេគង្គ នៅឯសណ្ឋាគរ Raffles Hotel Le Royal ដែលព្រឹត្តិការណ៍ក្នុងតំបន់ដ៏អស្ចារ្យ នៃមហោស្រពអាហារមេគង្គរយៈពេល ៣ថ្ងៃនេះ បានបិទបញ្ចប់ដោយកម្មវិធីរាត្រីសមោសរ «White Hats Gala Dinner»

ក្នុងឱកាសអបអរដល់ទេពកោសល្យជំនាញធ្វើម្ហូបនៅតំបន់មេគង្គ, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បាននាំយកនូវរបាំបង្ហាញពីប្រវត្តិរបស់ព្រះនាងឥន្ត្រទេវី និងរបាំក្ងោកបាត់ដំបង ដើម្បីសម្ដែងជូនដល់គណៈអធិបតី, ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាយ៉ាងជក់ចិត្តទៀតផង។

រសជាតិដ៏រស់រវើកនៃតំបន់ទន្លេ មេគង្គនឹងនាំមកបង្ហាញនៅក្នុងមហោស្រពអាហារមេគង្គ ដែលបាននឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ នឹងបង្ហាញជូនដោយសាលាបដិសណ្ឋារកិច្ចដ៏ល្បីចំនួនប្រាំមកពីតំបន់មេគង្គ (កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម) នឹងចូលរួមបង្ហាញពីចុងភៅវ័យក្មេងដែលមានបីនាក់ក្នុងសាលានីមួយៗ បង្ហាញទេពកោសល្យ និងចម្រុះដែលមានដើមកោសល្យជំនាញម្ហូបអាហាររបស់ពួកគេ ជាមួយគ្រឿងផ្សំដ៏សម្បូរបែបមានកំណើតនៅទន្លេមេគង្គ។

ចុងភៅវ័យក្មេងទាំងនោះ នឹងទទួលការណែនាំដោយផ្ទាល់ពីចុងភៅល្បីឈ្មោះ លោក Bobby Chinn ដែលបានហោះហើរជាពិសេស ដើម្បីបើកព្រឹត្តិការណ៍ដ៏ពិសេសនេះ ហើយសិស្សបានចូលរួមវគ្គចម្អិន
អាហារជាបន្តបន្ទាប់។ តាមរយៈវគ្គចម្អិនអាហារទាំងនេះបានបង្ហាញឱ្យឃើញនូវរសជាតិប្លែកៗតាមប្រទេសរបស់ពួកគេ។ នៅថ្ងៃទី១៨ ខែកញ្ញា មហោស្រពនេះបានមានការស្វាគមន៍ពិសេសពី
Cocktail Reception ដែលភ្ញៀវចូលរួមបានទទួលយកបទពិសោធន៍ពីគំរូម្ហូបច្នៃប្រឌិត ដែលបង្កើតឡើងដោយតារាដែលកំពុងរះក្នុងពិភពធ្វើម្ហូបទាំងនេះ។

ព្រឹត្តិការណ៍ក្នុងតំបន់ដ៏អស្ចារ្យ នៃមហោស្រពអាហារមេគង្គរយៈពេល៣ថ្ងៃនេះ នឹងបិទបញ្ចប់ដោយកម្មវិធីរាត្រីសមោសរ «White Hats Gala Dinner» ដែលជាកម្មវិធីសប្បុរសធម៌ នៅថ្ងៃទី១៩ ខែកញ្ញ វេលាម៉ោង៦ល្ងាច នៅសណ្ឋាគារល្បីល្បាញ Raffles Hotel Le Royal។ ដើម្បីចូលរួមអបអរចុងភៅ Bobby Chin និងចុងភៅល្បីរបស់កម្ពុជា លូ ម៉េង នឹងសហការរៀបចំជ្រើសរើសមុខម្ហូបពិសេស
សម្រាប់កម្មវិធីសប្បុរសធម៌នេះ។ វិភាគទានដែលទទួលបានពីកម្មវិធីសប្បុរសធម៌ White Hats Gala នឹងផ្ដល់អត្ថប្រយោជន៍ដល់មូលនិធិអាហារូបករណ៍ Naomi ដែលជាមូលនិធិជួយដល់យុវជន
ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅវិទ្យាស្ថាន ម្ហូបអាហារ។

លោកស្រី Abeer Farah ជាភ្ញៀវកិត្តិយស និងជាតំណាងមកពី Dubal Cares Foundation បានថ្លែងថា មូលនិធិ Cares ដែលជាអ្នកគាំទ្រដ៏សំខាន់នៃវិទ្យាស្ថានម្ហូបអាហារ បានបង្ហាញវីដេអូពិសេសមួយពីរឿងរ៉ាវជោគជ័យរបស់យុវជនកម្ពុជា ដែលបច្ចុប្បន្នធ្វើការនៅសណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងទីក្រុងឌូបៃ និងអាប៊ូដាប៊ី។ មូលនិធិ Shift 360 ពិតជាមានមោទនភាពណាស់ក្នុងការចាប់ដៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍អេមី រ៉េត (Emirates Airline) សណ្ឋាគារ រ៉ាហ្វិល រ៉ូយ៉ាល់ ភ្នំពេញ ក្រុមហ៊ុន Celliers d'Asie ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ា (AirAsia) សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (វិទ្យាស្ថានម្ហូបអាហារកម្ពុជា) និងមូលនិធិ Dubai Cares សម្រាប់ព្រឹត្តិការណ៍នេះ។ យើងរួមគ្នា ចែករំលែក និងប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់ឧត្តមភាពការអប់រំក្នុងវិស័យបដិសណ្ឋារកិច្ច និងបណ្ដុះទពកោសល្យធ្វើម្ហូបដល់យុវជនជំនាន់ក្រោយ។

លោក Pierre Tami ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ Shift 360 ដែលជាស្ថាប័នរៀបចំនៅពីក្រោយមហោស្រពអាហារមេគង្គ បានសម្តែងនូវក្តីរំភើបរបស់លោកចំពោះកម្មវិធីនេះថា «យើងមានសេចក្តីរំភើបរីករាយ ក្នុងការចាប់ផ្តើមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនៅក្នុងរាជធានីភ្នំពេញ។ មហោស្រពអាហារមេគង្គមិនត្រឹមតែប្រារព្ធសម្រាប់ បង្ហាញពីផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ផលិតផលទាំងនោះឱ្យកាន់តែល្បីទៀតផង។ កម្មវិធីនេះគឺជាយុទ្ធសាស្ត្របង្កើតសម្ព័ន្ធភាពសាលាបដិសណ្ឋារកិច្ចទូទាំងតំបន់មេគង្គផងដែរ។ បេសកកម្មរបស់យើង គឺលើកកម្ពស់ស្តង់ដារបណ្តុះបណ្តាល និងបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជនក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ទាំងក្នុងស្រុក និងក្រៅស្រុក»