(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ពានរង្វាន់ «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤ - PFM Cup 2024» ដើម្បីបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃ អ.គ.ហ. តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោក រស់ សីលវ៉ា បានស្វាគមន៍ និងថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងពង្រឹងមិត្តភាពបន្ថែម សំដៅបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធស្នាលបន្ថែមមួយកម្រិត ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តកិច្ចការរួមបន្តទៀតរវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ»។
លោកក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលតែងបានគាំទ្រទាំងជំនួយផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញប្បទានដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈចាប់តាំងពីដំណាក់កាលទី១ «ភាពជឿទុកចិត្តនៃថវិកា» រហូតដល់ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» នាពេលបច្ចុប្បន្ន។
លោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ក៏បានបង្ហាញជំហរគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញបន្ថែមការអភិវឌ្ឍនៅប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រ Global Gateway និងបន្ថែមប្រសាសន៍ នៅក្នុងមតិចំណាប់អារម្មណ៍ថា «កីឡា មិនត្រឹមតែផ្ដល់នូវសុខភាពររាងកាយប៉ុណ្ណោះទេ តែកីឡាក៏ជាភាសានៃការទំនាក់ទំនងមួយដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព សន្តិភាព និងសុខភាពផ្លូវចិត្តផងដែរ»។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំ កសហវ. និងថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទ កសហវ. និងបណ្ដាដៃគូអភិវឌ្ឍ ដោយបានចូលរួមជាកីឡាករប្រកួតបាល់ទាត់ និងជាភ្ញៀវកិត្តយស។ ជាលទ្ធផល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជ័យជំនះ ២-០។
នៅចុងបញ្ចប់ នៃកម្មវិធីប្រកួតបាល់ទាត់នៅម៉ោង ៩៖៤៥នាទីព្រឹក គឺជាកម្មវិធីប្រគល់ពានរង្វាន់ PFM Cup 2024 និងវត្ថុអនុស្សាវរីយ៍តំណាងភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍជូនក្រុមកីឡាបាល់ទាត់ទាំងអស់៕