(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 នេប៉ាល់ នាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងជំនួបបើកឆាកពូលB នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី AFC U20 Asian Cup 2025 នៅកីឡដ្ឋាន Fu Jen University នៃទឹកដីម្ចាស់ផ្ទះឆាយនីសតៃប៉ិ។

ថ្លែងមុនការប្រកួតខាងលើ លោក Koji Gyotoku គ្រូបង្វឹកក្រុមយុវជន U20 កម្ពុជា បានចាត់ទុកការប្រកួតកម្រិតទ្វីបអាស៊ីនេះ គឺជាការប្រកួតដ៏តានតឹងសម្រាប់គោព្រៃជំទង់កម្ពុជា។ តែផ្អែកលើការប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅថៃ មុនចាកចេញពីមាតុភូមិ លោកប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមជម្រើសជាតិ U20 កម្ពុជាឆ្លងឲ្យផុតវគ្គជម្រុះនេះ។

សូមរំឮកថា បេសកកម្មនៃការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup 2025 កម្ពុជា ស្ថិតក្នុងពូល B ជាមួយអ៊ូសបេគីស្ថាន នេប៉ាល់ បារ៉ែន និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ។ ចំពោះកម្មវិធីប្រកួត ក្រោយជួបនេប៉ាល់ នារសៀលថ្ងៃសៅរ៍នេះ កម្ពុជា នឹងជួបអ៊ូសបេគីស្ថាន នាថ្ងៃទី២៣-កញ្ញា មុនជួបបារ៉ែន នាថ្ងៃទី២៧-កញ្ញា និងចុងក្រោយជួបឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងទៅវគ្គបន្ដ៕