(ភ្នំពេញ)៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទទួលការឧបត្ថម្ភកង់ និងសម្ភារផ្សេងៗ សម្រាប់បម្រើឲ្យការហ្វឹកហាត់ និងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលមានតម្លៃរាប់ម៉ឺនដុល្លារពីក្រុមហ៊ុន Giant ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ក្រោយពិធីប្រគល់-ទទួលនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២០ ខែកញ្ញាថា ការឧបត្ថម្ភលើកនេះមានកង់ចំនួន ១០គ្រឿង និងសម្ភារ ព្រមទាំងការធានានូវការជួសជុលផ្សេងៗ ដែលគិតជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ ហើយនេះក៏មិនមែនជាលើកទី១ ដែរ ដ្បិតក្រុមហ៊ុនបានផ្ដល់ការឧបត្ថម្ភគាំទ្រនេះប្រមាណ ១០ឆ្នាំមកហើយ។
ក្នុងនាមសហព័ន្ធ លោកបានចាត់ទុកការចូលរួមពីវិស័យឯកជននេះ គឺពិតជាមានសារៈសំខាន់ខ្លាំង ពិសេសការឧបត្ថម្ភនូវកង់ហ្វឹកហាត់ និងប្រកួតលក្ខណៈស្ដង់ដារ ដែលមានតម្លៃថ្លៃ ពិតជាបានជួយសម្រាលនូវការចំណាយដ៏ច្រើនរបស់សហព័ន្ធ។ អ្វីដែលសំខាន់ គឺបានផ្ដល់នូវគុណភាពហ្វឹកហាត់កាន់តែមុតស្រួចសម្រាប់កីឡាករ-កីឡាការិនីត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ ជាក់ស្ដែងការដណ្ដើមបានមេដាយមាសស៊ីហ្គេមជាប្រវត្តិសាស្ដ្រ កាលពីឆ្នាំ២០២៣ កន្លងទៅ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រោយទទួលបានការឧបត្ថម្ភខាងលើ ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងត្រូវប្រើប្រាស់ក្នុងការហ្វឹកហាត់ និងការប្រកួតថ្នាក់ជាតិ ២ធំៗ រួមមានការប្រកួតកីឡាជាតិ លើកទី៤ នាដើមខែវិច្ឆិកាខាងមុខ ព្រមទាំងការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាទ្រីយ៉ាត្លុងអន្ដរជាតិ នៅខេត្តកែប នាពាក់កណ្ដាលធ្នូ ឆ្នាំ២០២៤ ខាងមុខ។
គួរដឹងថា ក្រុមកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា គឺជាប្រភេទកីឡាសក្ដានុពលមួយ ដែលដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយមាស ២ និងមេដាយប្រាក់ ១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីឆ្នាំ២០២៣ កន្លងទៅ៕