(បរទេស)៖ របាយការណ៍ថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងប្តូរទៅប្រើម៉ូដឹម 5G ដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់នៅឆ្នាំ២០២៥ ខាងមុខដោយ iPhone SE 4 និង iPhone 17 ត្រូវបានគេរំពឹងថាជាស្មាតហ្វូនជំនាន់ដំបូងដែលបំពាក់ដោយបច្ចេកវិទ្យានេះ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ម៉ូដឹមថ្មីនេះ ត្រូវបានគេរំពឹងថានឹងមកដល់នៅឆមាសទីមួយនៃឆ្នាំ២០២៥។ របាយការណ៍បានគូសបញ្ជាក់ថា នៅពេលដែលម៉ូដឹម 5G ជាលើកដំបូងនេះមកដល់ក្រុមហ៊ុន Apple នឹងបញ្ឈប់ការបញ្ជាទិញពី Qualcomm តទៅទៀតហើយ ពោលគឺងាកទៅប្រើម៉ូដឹមក្នុងផ្ទះទាំងអស់តែម្តង។ យោងតាមគេហទំព័រ Digitimes Asia បានបង្ហើបថា ម៉ូដឹម 5G របស់ Apple នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុង iPhone SE 4 ដែលនឹងមកដល់នៅឆមាសទី១ នៃឆ្នាំ២០២៤ ហើយបន្ទាប់មកនៅក្នុងម៉ូដែលមួយចំនួននៃ iPhone 17 ខណៈគេរំពឹងថា វានឹងមាននៅលើត្រកូល Pro នៅចុងឆ្នាំខាងមុខនោះ។
គួរជម្រាបថា Apple ចាប់ផ្តើមសំងំអភិវឌ្ឍន៍ម៉ូដឹមក្នុងផ្ទះរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ ជាពេលវេលាដែល Apple បានទិញយកផ្នែកខ្លះនៃម៉ូដឹមរបស់ Intel។ យ៉ាងណាមិញ ប្រសិនរបាយការណ៍នេះជាការពិតនោះ មានន័យថា Apple មានទំនុកចិត្តគ្រប់គ្រាន់ចំពោះម៉ូដឹមរបស់ខ្លួន ព្រមទាំងអាចដំណើរការកម្មវិធីជាច្រើនដែលទាមទារល្បឿនខ្លាំងនៅក្នុងស្មាតហ្វូនរបស់ខ្លួនផងដែរ៕