(ឡុងដ៍)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Anthony Joshua នឹងឡើងសង្វៀនវាយដណ្តើមខ្សែក្រវាត់ IBF របស់កីឡាករ Daniel Dubois នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតកម្រិតពិភពលោកនេះដែរ ត្រូវបានរៀបចំឡើងដោយលោក Turki Alashikh នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកម្សាន្តមកពីអារ៉ាប៊ីសាអូឌីត ដោយលោកបានបញ្ជាក់ចំនួនសំបុត្រ ៩៦,០០០សន្លឹកត្រូវបានលក់អស់គ្មានសល់ឡើយ ដោយបានបំបែកកំណត់ត្រាចាស់ដែលមានតែ ៩៤,០០០សន្លឹកជំនួបរវាងកីឡាករ Tyson Fury និង Dillian Whyte កាលឆ្នាំ២០២២។
កីឡាករចាស់វស្សា Joshua វ័យ ៣៤ឆ្នាំ ធ្លាប់បានផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀនបានចំនួន ២៥ដង ក្នុងចំណោមជ័យជម្នះ ២៨លើក គ្រាដែលគូប្រជែងសញ្ជាតិអង់គ្លេសដូចគ្នា Dubois វ័យទើបតែ ២៧ឆ្នាំ ធ្លាប់វាយដៃគូសន្លប់បាន ២០ដង ពីជ័យជម្នះ ២១លើក។ តើអ្នកគិតថា គូនេះវាយចប់ ១២ទឹកពេញទេ?
គួរបញ្ជាក់ផងថា ខ្សែក្រវាត់របស់ស្ថាប័ន IBF ត្រូវបានប្រគល់ឱ្យទៅ Dubois ដែលត្រូវដំឡើងជាកីឡាករជើងឯកពិភពលោកបណ្តោះអាសន្ន បន្ទាប់ពី Aleksandr Usyk របស់អ៊ុយក្រែន ត្រូវបានដកខ្សែក្រវាត់ IBF និងជាលើកដំបូងផងដែរដែលឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់នេះ៕