(បរទេស)៖ បើតាមការឲ្យដឹងពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ក្នុងរបាយការណ៍មួយដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានប្រមូល ចែករំលែក និងដំណើរការព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ អំពីអ្នកប្រើប្រាស់របស់ពួកគេ ខណៈដែលក្រុមហ៊ុនទាំងនោះបានផ្តល់នូវតម្លាភាព ឬការគ្រប់គ្រងតិចតួចប៉ុណ្ណោះ អំពីរបៀបដែលទិន្នន័យអ្នកប្រើប្រាស់ត្រូវបានប្រើដោយប្រព័ន្ធបញ្ញាសិប្បនិម្មិតនានា។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Meta, កម្មវិធី TikTok របស់ ByteDance, ហ្គេមថ្មី Twitch របស់ Amazon និងក្រុមហ៊ុនផ្សេងទៀតបានគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ក្នុងនោះរួមមានការគ្រប់គ្រងទិន្នន័យ និងគោលនយោបាយរក្សាទុកជាច្រើនទៀត។ YouTube, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X, កម្មវិធី Snap និង Reddit ជាដើមនោះ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍របស់ FTC ផងដែរ។
ជុំវិញរបាយការណ៍នេះ អ្នកនាំពាក្យ X បាននិយាយថា វាផ្អែកលើការអនុវត្តចាប់ពីឆ្នាំ ២០២០ នៅពេលដែលគេហទំព័រនេះត្រូវបានគេស្គាល់ថាជា Twitter ហើយឥឡូវនេះមានឈ្មោះថា X ។ អ្នកនាំពាក្យដដែល បាននិយាយថា «X យកចិត្តទុកដាក់ជាខ្លាំងលើភាពឯកជនទិន្នន័យរបស់អ្នកប្រើប្រាស់ និងធានាថាអ្នកប្រើប្រាស់ដឹងពីទិន្នន័យដែលពួកគេកំពុងចែករំលែកជាមួយវេទិកា និងរបៀបដែលវាកំពុងត្រូវបានប្រើប្រាស់ ខណៈពេលដែលក្រុមហ៊ុនផ្តល់ឱ្យពួកគេនូវជម្រើសនៃការកំណត់ទិន្នន័យ ដែលត្រូវបានប្រមូលពីគណនីរបស់ពួកគេ» ។ អ្នកនាំពាក្យរូបនេះបាននិយាយថា មានតែប្រហែល ១% នៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបច្ចុប្បន្នរបស់ X មានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ។
យ៉ាងណាមិញ ងាកមកក្រុមហ៊ុនផ្សេងទៀតមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។ FTC បាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមប្រមូលទិន្នន័យតាមរយៈបច្ចេកវិទ្យាតាមដាន ដែលប្រើក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងការទិញព័ត៌មានពីឈ្មួញកណ្តាល និងមធ្យោបាយផ្សេងៗទៀត។ ប្រធាន FTC លោកស្រី Lina Khan បាននិយាយថា «ខណៈពេលដែលទទួលបានផលចំណេញសម្រាប់ក្រុមហ៊ុន ការអនុវត្តការឃ្លាំមើលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ភាពឯកជនរបស់មនុស្ស គំរាមកំហែងដល់សេរីភាពរបស់ពួកគេ និងធ្វើឱ្យពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ចាប់ពីការលួចអត្តសញ្ញាណ រហូតដល់ការតាមចាប់ខ្លួន»៕