(ម៉ូនិច)៖ ខ្សែប្រយុទ្ធ Harry Kane បានកសាងកំណត់ត្រាថ្មីនៅ Bundesliga ដោយបានក្លាយជាកីឡាករដំបូងគេរបស់អង់គ្លេស ដែលរកបានច្រើនគ្រាប់ក្នុងលីគកំពូលរបស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះ រកបាន ៤១គ្រាប់ហើយសម្រាប់ក្រុមខ្លារខិន Bayern Munich ពីការបង្ហាញខ្លួនបានចំនួន ៣៦លើកផងដែរ ក្នុងលីគកំពូល Bundesliga មួយនេះ ក្រោយផ្ទេរចេញពី Tottenham Hotspur រដូវកាលមុន។

១គ្រាប់របស់ Kane នៅរាត្រីថ្ងៃសៅរ៍ ទី២១ ខែកញ្ញាយប់មិញនេះ គឺបានកើតឡើងនៅនាទី៥៧ និងជាគ្រាប់ទី៣ នាំមុខម្ចាស់ផ្ទះ Werder Bremen ផងដែរ ក្រោយពេលមិត្តរួមក្រុម Michael Olise និង Jamal Musiala រកបានម្នាក់ ១គ្រាប់តាំងពីវគ្គទី១ មកនោះនៃជ័យជម្នះ ៥ទល់នឹង០ ក្នុងប្រកួតផ្លូវការ ៩០នាទី ប្រចាំសប្តាហ៍ទី៤ ជើងទី១ នារដូវកាលថ្មីឆ្នាំ២០២៤-២០២៥។

៣ពិន្ទុដោយស្រួលក្រៅទឹកដីនេះដែរ បានញាំងឱ្យក្រុមរបស់គ្រូបង្វឹកថ្មី លោក Vincent Kompany បន្តធ្វើបានល្អដដែល តាមរយៈលេង ៤ប្រកួតនាដើមរដូវកាលថ្មីនេះ មិនទាន់ចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តង ជាមួយនឹងការនាំមុខកំពូលតារាងដាច់ទៀតផង តាមពីក្រោយដោយ Freiburg ដែលមានតែ ៩ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក Bayer Leverkusen កំពុងឈរនៅលេខ៧ ជាបណ្តោះអាសន្ន ដោយមាន ៦ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃ៕