(ភ្នំពេញ)៖ ជាគោលការណ៍ នៅពេលដែលជនល្មើសបានប្រព្រឹត្តបទល្មើសរមែងត្រូវបានផ្តន្ទាទោសដោយតុលាការ ។ ប៉ុន្តែក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់សិទ្ធិដល់ចៅក្រមក្នុងការព្យួរទោសដល់ជនជាប់ចោទ ដែលជាវិធានការមួយដ៏មានសក្តានុពលក្នុងគោលដៅស្តារនីតិសម្បទា ដោយផ្តល់នូវឱកាសឱ្យជនជាប់ចោទក្នុងការផ្លាស់ប្តូរ និងកែប្រែខ្លួន ។

ការព្យួរទោស ជាចំណុចសំខាន់មួយនៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលតុលាការមានសិទ្ធិផ្អាកការអនុវត្តទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ដល់ជនជាប់ចោទ ហើយការព្យួរទោសចែកចេញជា ២ គឺការព្យួរទោសធម្មតា និងការព្យួរទោសសាកល្បង ។

ដូចនេះ តើអ្វីជាការព្យួរទោសធម្មតា? ហើយការព្យួរទោសធម្មតាមានលក្ខខណ្ឌដូចម្តេចខ្លះ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្ដីពី «ការព្យួរទោសធម្មតា» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

ការព្យួរទោសធម្មតា គឺជាប្រភេទនៃការព្យួរទោស ដែលមិនបានតម្រូវឱ្យជនជាប់ចោទត្រូវតែគោរពនូវកាតព្វកិច្ចពិសេសណាមួយទេ លើកលែងតែកាតព្វកិច្ចដែលបានហាមមិនឱ្យប្រព្រឹត្តបទល្មើសណាមួយ ឬមិនទាន់មានការផ្តន្ទាទោសជាស្ថាពរឱ្យជាប់ពន្ធនាគារក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម មុនអំពើល្មើស ដូចមានចែងក្នុងមាត្រា ១០៦ នៃក្រមព្រហ្មទណ្ឌ និងកាតព្វកិច្ចដែលបានហាមមិនឱ្យប្រព្រឹត្តបទល្មើសណាមួយ ឬមិនទាន់មានការផ្តន្ទាទោសជាស្ថាពរឱ្យជាប់ពន្ធនាគារក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចំពោះបទលហុ មុនបទល្មើសនេះ ដូចមានចែងក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមមាត្រា ១០៧ នៃក្រមនេះ ចែងអំពីការព្យួរទោសធម្មតា ត្រូវអនុវត្តទៅលើទោសដូចតទៅ៖

*១- ទោសដាក់ពន្ធនាគារ កាលបើទោសដែលប្រកាសនោះតិចជាង ឬស្មើនឹង ៥ (ប្រាំ) ឆ្នាំ ។
*២- ទោសពិន័យជាប្រាក់ ។

យោងតាមមាត្រា ១១៣ នៃក្រមនេះ ចែងក្នុងករណីចោទប្រកាន់ពីបទលហុ ការព្យួទោសធម្មតាត្រូវអនុវត្តទៅលើទោស ដូចតទៅនេះ៖

*១- ទោសដាក់ពន្ធនាគារ ។
*២- ទោសពិន័យជាប្រាក់ ។

សរុបមក ការព្យួរទោសធម្មតា អាចធ្វើបានចំពោះទោសជាប់ពន្ធនាគារតិចជាង ឬស្មើនឹង ៥ (ប្រាំ) ឆ្នាំ និងទោសពិន័យជាប្រាក់ ។ ការព្យួរទោសធម្មតា ជាប្រភេទនៃការព្យួរទោសដែលមិនបានតម្រូវឱ្យជនជាប់ចោទត្រូវតែគោរពនូវកាតព្វកិច្ចពិសេសណាមួយទេ លើកលែងតែកាតព្វកិច្ចដែលបានហាមមិនឱ្យប្រព្រឹត្តបទល្មើសណាមួយក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ចំពោះបទឧក្រិដ្ឋ ឬ បទមជ្ឈិម និង ១ (មួយ) ឆ្នាំ ចំពោះបទលហុ មុនអំពើល្មើសនេះ ៕

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា សាន់ រតនា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕