(មេនឆេស្ទើ)៖ Manchester City និងកាំភ្លើងធំ Arsenal បានចែកគ្នាម្នាក់ ១ពិន្ទុ តាមរយៈបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នាយប់មិញ ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៥ ជើងទី១ គ្រាដែលខ្សែប្រយុទ្ធ Erling Haaland រកបានគ្រាប់ទី១០០ ផងដែរ ជាមួយក្រុមការពារតំណែងជើងឯកលីគ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Etihad រវាងក្រុមលេខ១ និងលេខ២ នារដូវកាលមុនបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ដែលជាការខកខានរកបាន ៣ពិន្ទុលើកដំបូងដែរ ក្នុងចំណោម ៥ប្រកួតនាដើមរដូវកាលថ្មីនេះរបស់ City ក៏ប៉ុន្តែជាការលេងស្មើលើកទី២ របស់ក្រុមលោក Mikel Arteta ក្នុងលីគ។

ជាមួយគ្នានោះ ខ្សែប្រយុទ្ធអន្តរជាតិន័រវេស Haaland ក៏រកបាន ១គ្រាប់បើកឆាក ក្រោយចាប់ផ្តើមលេងទើបបាន ៩នាទី និងជាគ្រាប់បាល់ទី១០០ របស់គេផងដែរ ពីការចូលលេងបាន ១០៥ប្រកួតជាមួយ Man City ទៀតផង ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។

Haaland បានក្លាយជាកីឡាករទី៤ ដែលរកបានចាប់ពី ១០០គ្រាប់ឡើង ដែលស្ថិតក្រោមការបង្វឹកដោយលោក Pep Guardiola បន្ទាប់ពី Messi រកបាន ២១១គ្រាប់ Sergio Augeruo រកបាន ១២៤គ្រាប់ និង Raheem Sterling រកបាន ១២០គ្រាប់៕