(បរទេស)៖ តាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Apollo Global Management ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងសម្លឹកមើលការវិនិយោគចូលទៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីប Intel ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថា ក្រុមហ៊ុន Apollo បានបង្ហាញឆន្ទៈក្នុងការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Intel ដើម្បីជំរុញសង្វាក់ផលិតកម្មឡើងវិញ។

ដំណឹងនៃការវិនិយោគខាងលើនេះ កើតឡើងនៅពេលដែលមានរបាយការណ៍នៃភាពទន់ខ្សោយរបស់ Intel ដែលធ្លាប់ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានតម្លៃបំផុតនៅក្នុងពិភពលោក ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុននេះស្រាប់តែបាត់បង់ជិត ៦០% ចាប់តាំងពីដើមឆ្នាំ២០២៤មក។ Bloomberg បានរាយការណ៍ថា នាយកប្រតិបត្តិរបស់ Intel បាននឹងកំពុងថ្លឹងថ្លែងលើសំណើរបស់ Apollo ដោយបន្ថែមថា កិច្ចពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងនេះគឺស្ថិតក្នុងដំណាក់កាលបឋម ហើយមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ Bloomberg បាននិយាយថា ទំហំនៃការវិនិយោគដ៏មានសក្តានុពលនៅក្នុង Intel អាចផ្លាស់ប្តូរ ហើយការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងមួយនេះក៏អាចធ្លាក់ចុះផងដែរ។

ជុំវិញព័ត៌មាននេះ Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Bloomberg News ខណៈដែល Apollo មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ Reuters។

គួរជម្រាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apollo បាននិយាយថា ខ្លួននឹងទទួលបានការប្រាក់ភាគហ៊ុន ៤៩% នៅក្នុងការបណ្តាក់ទុនរួមគ្នាទាក់ទងនឹងរោងចក្រផលិតថ្មីរបស់ក្រុមហ៊ុន Intel នៅក្នុងប្រទេសអៀរឡង់ក្នុងតម្លៃ ១១ ពាន់លានដុល្លារ។ ការអភិវឌ្ឍន៍សម្រាប់ការវិនិយោគនៅក្នុង Intel កើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Qualcomm ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានខិតជិត Intel ដើម្បីស្វែងរកការទិញយកក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ប៉ុន្តែមិនទាន់បានសម្រេចដោយសារប្រឈមនឹងឧបសគ្គជាច្រើន។