(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានពង្រីកបន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំបុត្រយន្តហោះនឹងត្រូវបានដាក់លក់នៅថ្ងៃនេះ សម្រាប់ជើងហោះហើរទៅមករវាងសៀមរាប-សិង្ហបុរី ហើយចាប់ផ្តើមហោះហើរពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងតម្លៃសរុបចាប់ពី USD ១០៩ ក្នុងមួយជើង។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកឈានមុខគេ និងមានបណ្តាញហោះហើរជាង ១៣០ គោលដៅ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់ជូននូវការធ្វើដំណើរ ប្រកបដោយភាពងាយស្រួលទៅកាន់គោលដៅដែលអ្នកដំណើរចូលចិត្ត និងស្វែងរកនូវបរិយាកាសថ្មីៗ ក្នុងនោះដែរ ប្រទេសកម្ពុជាគឺជាគោលដៅដ៏សំខាន់មួយសម្រាប់សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ពង្រីកទីផ្សាររបស់ខ្លួន។

លោក Bo Lingam ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group បានមានប្រសាសន៍ថា «ការបង្កើនការតភ្ជាប់នូវការធ្វើដំណើរក្នុងតំបន់អាស៊ាន គឺជាលំនាំគន្លឹះរបស់យើង ចាប់តាំងពីយើងបានចាប់ផ្តើមជាមួយនឹងយន្តហោះត្រឹមតែ ២គ្រឿងប៉ុណ្ណោះ កាលពីជាង ២២ ឆ្នាំមុន។ ជើងហោះហើរថ្មីទៅកាន់សិង្ហបុរី បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយរបស់សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍របស់យើងក្នុងការជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងមកវិញ និងនាំយកបរិបទហោះហើរថ្មី សម្រាប់ការហោះហើរទៅមកជាអន្តរជាតិ ដល់ប្រទេសកម្ពុជា»

លោកបន្តថា «ស្របពេលដែលយើងរំពឹងថាជើងហោះហើរត្រង់របស់យើងទៅកាន់ទីក្រុងកូឡាឡាំពួរ ហើយឥឡូវនេះបន្ថែមការហោះហើរត្រង់ ទៅកាន់សិង្ហបុរី នឹងបន្តបង្ហាញអំពីការគាំទ្រយ៉ាងច្រើនកុះករ យើងទាំងអស់គ្នាក៏មានសេចក្តីរំភើបចំពោះឱកាសហោះហើរដ៏សម្បូរបែបរបស់ បណ្តាញជើងហោះហើររបស់យើងផងដែរ។ ជើងហោះហើរ តភ្ជាប់ដ៏មមាញឹក  របស់យើងទៅកាន់គោលដៅនានាដូចជា ប្រទេសចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងជំរុញឱ្យអ្នកដំណើរកាន់តែច្រើនអាចធ្វើដំណើរទៅ-មក ពីប្រទេសកម្ពុជាក្នុងតម្លៃដ៏សមរម្យ ប្រកបដោយភាពងាយស្រួល»

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាន៍ថា «យើងមានផែនការពង្រីកជើងហោះហើរដ៏ច្បាស់លាស់ ដែលកំណត់អំពីការហោះហើរទៅ-មក ពីព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង ដែលនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសហោះហើរជាច្រើន និងមានតម្លៃសមរម្យ។ សូមគូសបញ្ជាក់ផងដែរថា AirAsia បានប្រកាសនាពេលថ្មីៗនេះ អំពីជើងហោះហើរទៅមក រវាងសៀមរាប-ភូកេត នៅក្នុងរដូវរងារនេះ ហើយថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែល AirAsia Cambodia មានសេចក្តីសោមនស្សប្រកបដោយមោទនភាពប្រកាសអំពី ជើងហោះហើរថ្មីបន្ថែមទៀត រវាងសៀមរាប-សិង្ហបុរី»

លោកបន្តថា «ចាប់តាំងពី AirAsia Cambodia បានចាប់ផ្តើមជើងហោះហើរក្នុងខែឧសភា ឆ្នាំ២០២៤ មក យើងបានមើល ឃើញអំពីតម្រូវការ និងឱកាសដ៏មានសក្តានុភាពក្នុងការបង្កើនចំនួនជើងហោះ នៅក្នុងទីផ្សារអន្តរជាតិ។ គោលដៅសិង្ហបុរី គឺជាការចាប់ផ្តើមនៃការហោះហើរទៅកាន់គោលដៅថ្មីៗ ដែលយើងនឹងចាប់ផ្តើមហោះហើរនាពេល ឆាប់ៗ ខាងមុខនេះ រួមបញ្ចូលទាំងការហោះហើរតភ្ជាប់ពីភ្នំពេញ និងសិង្ហបុរីផងដែរ»

លោកបន្ថែមថា «យើងប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីគោលដៅទេសចរណ៍ធំៗនៅលើពិភពលោកមក កាន់ប្រទេសកម្ពុជា។ ជើងហោះហើរថ្មីទាំងនេះនឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសយើង ថែមទាំងនឹងបង្កើតការងារជំនាញបច្ចេកទេស និងការងារសំខាន់ៗ ដទៃ ជាច្រើនទៀត នៅក្នុងវិស័យបដិសណ្ឋារកិច្ច»

លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា «សេចក្តីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺមានសារៈសំខាន់ណាស់  ស្របពេលដែលខេត្តសៀមរាបរបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុង ការបង្កើនចំនួនភ្ញៀវទេសចរបរទេស ឱ្យត្រឡប់មកវិញ បន្ទាប់ពីជំងឺរាតត្បាតបានកើតឡើង។ សូមគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាទឹកដីប្រកបដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងទីតាំងធម្មជាតិជាច្រើន ហើយយើងនឹងសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការនាំយកអ្នកដំណើរមកពីជុំវិញពិភពលោក ឱ្យមកទស្សនាប្រទេសដ៏អស្ចារ្យរបស់យើងអោយកាន់តែច្រើនកុះករ។ សូមអរគុណ បណ្តាញសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះការសហការនេះ»